រដ្ឋបាលខេត្តកំពង់ធំ មន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញការអភិវឌ្ឍទីផ្សារកសិផលក្នុងស្រុក

0

(កំពង់ធំ)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នៅមន្ទីពាណិជ្ជកម្មខេត្តកំពង់ធំ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ងួន រាសី អភិបាលរងខេត្ត​ ប្រជុំពិភាក្សាការងារអភិវឌ្ឍទីផ្សារ​កសិផលក្នុងស្រុក ដើម្បីឱ្យបងប្អូនជាពលរដ្ឋងាកមកប្រើកសិផលដែលមានគុណភាព និងសុវត្ថិភាពដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្តារាជធានី-ខេត្ត គឺជាគំនិតផ្តួចផ្តើម​ជាយុទ្ធសាស្ត្រមួយ ក្នុងគោលបំណង ដើម្បីជួយសម្របសម្រួលដោះស្រាយបញ្ហាកកស្ទះកសិផល-ទំនិញក្នុងរដូវប្រមូលផល ជូនកសិករ ពាណិជ្ជករ និងស្វែងរកទីផ្សារសម្រាប់ជំរុញការនាំចេញ។ បន្ថែមពីនេះ ផ្សារលក់ដុំ ជាវេទិកាកណ្តាល សម្រាប់ជួយ សម្រួលដល់ពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព សម្រួលខ្សែច្រវាក់ផ្គត់ផ្គង់ តាមរយៈការទិញ-លក់ និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ថ្លៃងនៅក្នុងកម្មវិធីនេះឯកឧត្តម អ៊ុំ កុសល បានថ្លែងថា ការងារអភិវឌ្ឍទីផ្សារ​កសិផលក្នុងស្រុក ក្នុងគោលបំណង បន្តយន្តការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក ជំរុញការនាំចេញតាមរយៈការគាំទ្រ ផលិតផលក្នុងស្រុក និងដើម្បីបង្កើនឱកាសទីផ្សារ ជួយសម្រួលដោះស្រាយបញ្ហាកការកស្ទះទំនិញក្នុងរដូវប្រមូលផល។

ឯកឧត្តម អ៊ុំ កុសល  បានសង្កត់ធ្ងន់ទៅលើការបង្កើតផ្សារលក់ដុំទំនិញ ដើម្បីអនុវត្តតាមអនុសាសន៍ជាយុទ្ធសាស្ត្រប្រកបដោយ​គតិបណ្ឌិតររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលដាក់ចេញជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យទទួលបានជោគជ័យ ក្នុងការ​រៀបចំការបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្តារាជធានី-ខេត្ត ដែលមានសក្តានុពល ដោយផ្តោតជាបឋម ទៅលើទំនិញជាបន្លែ ផ្លែឈើ និងត្រីសាច់ ដើម្បីបំពេញតម្រូវការអាជីវកម្ម និងអ្នកប្រើប្រាស់ដែលកំពុងកើនឡើង។ ការលក់ទំនិញរាយរបស់កម្ពុជានាបច្ចុប្បន្ន ប្រឈមបញ្ហាមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធទីផ្សារនៅមានកម្រិត ទំនិញមានតម្លៃខ្ពស់ និងគ្មានស្ថិរភាព ដោយសារការចែកចាយមិនមានស្ថិរភាព និងថ្លៃប្រតិបត្តិការអាជីវកម្មទីផ្សារខ្ពស់ នាំឱ្យប៉ះពាល់សមត្ថភាពប្រកួតប្រជែង ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់មិនទាន់ប្រសើរ ខ្វះព័ត៌មានទីផ្សារ និងខ្វះបច្ចេកទេសគ្រប់គ្រងគុណភាពទំនិញ។ អត្ថបទលោក កែម ចិន្តា