កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យទីលានកែច្នៃ និងទុកដាក់សំរាម ស្ថិតនៅភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខណៈការការងារសាងសង់សម្រេចបានប្រមាណជា៨៧% ដែលគ្រោងនឹងបញ្ចប់ការស្ថាបនាជាស្ថាពរនៅចុងឆ្នាំ២០២៤នេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ តាមទីប្រជុំជន ឱ្យបានយល់ដឹងពីបញ្ហាសំរាម ពិសេសត្រូវវេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាម សម្រាប់ធ្វើការដឹកជញ្ជូន។
គួរបញ្ជាក់ថា គម្រោងសាងសង់ទីលានទុកដាក់សំរាម ថ្មីនេះ មានផ្ទៃដីទំហំ ៨.១៥ហិកតា ក្នុងនោះទីលានទុកដាក់សំរាមទំហំ ១.៣ហិកតា អាងប្រព្រឹត្តិកម្មទឹករងៃ ៤អាង ការធ្វើឲ្យប្រសើរឡើងនូវ ផ្លូវចូលទៅទីលាន ចំនួន ១ខ្សែ ដែលមានប្រវែង ២២១៨ម៉ែត្រ ការធ្វើផ្លូវបេតុងនៅក្នុងទីលាន ប្រវែង ១២៤៤ម៉ែត្រ ច្រកទ្វារចូល និងរបង ៣០១០.២៦ម៉ែត្រ ប៉ុស្តិ៍យាម ទំហំ ៣.៥x២.៥ម៉ែត្រ ១កន្លែង អគារការិយាល័យ និងកន្លែងស្នាក់នៅ កំពស់ ២ជាន់ ទំហំ២៥x១២ម៉ែត្រ ១អាគារ កន្លែងថ្លឹងរថយន្ត 40t-60t ចំនួន ១កន្លែង ទំហំ ១៩x៦ម៉ែត្រ អគារញែកសំរាម (MRF) ១អាគារ ទំហំ ៣៥x២៦ម៉ែត្រ អគាររោងជាង ១អាគារ ទំហំ ៣១x១០ម៉ែត្រ អគារស្តុកទុកសំណល់ដែលគ្រោះថ្នាក់បណ្តោះអាសន្ន ១អាគារ ទំហំ ១៥x១២ម៉ែត្រ អគារផ្គត់ផ្គង់ថាមពលភ្លើង និងទឹក (ម២) ១អាគារ ទំហំ ១០x៦ម៉ែត្រ កន្លែងលាងសម្អាតរថយន្ត ១អាគារ ទំហំ ៣១x៣.៥ម៉ែត្រ អគារធ្វើជីកំប៉ុស (composting) ១អាគារ ទំហំ ៣៥x២៦ម៉ែត្រ រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ ចំនួន ១កន្លែង ទំហំ ៣៥x៣៥ម៉ែត្រ ប្រព័ន្ធសូលាថាមពលព្រះអាទិត្យ ៦០KW ចំនួន ១កន្លែង ។
អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមនេះ ទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម ខនស្ត្រាក់ស្សិន និងអេឡិចទ្រិច ខូអិលធីឌី ប៊ីអេម. ចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ពោលគឺគម្រោងនេះត្រូវប្រេីប្រាស់រយៈពេល ១៧ខែ ប៉ុន្តែល្បឿននៃការសាងសង់ត្រូវបានសម្រេចមុនផែនការគ្រោងទុក ៕