អភិបាលខេត្តកំពង់ចាម​ អំពាវនាវ​សូមឱ្យបន្តកិច្ចសហប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឲ្យបានជាអតិបរមា

0

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ បន្តកិច្ចសហប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការថែរក្សា ធនធានព្រៃឈើ និងដាំកូនឈើឲ្យបានជាអតិបរមា ព្រោះដើមឈើដែលដុះដាល រីកចម្រើនច្រើន វាជា ពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឱ្យមានគម្របព្រៃឈើ ។ ថ្លែងបែបនេះ​ក្នុងឱកាស​ប្រារព្ធ​ពិធី​រុក្ខទិវា ៩កក្កដា​ នៅបរិវេណសាលាបឋមសិក្សា ហ៊ុន ណេង ស្ថិតក្នុងភូមិទ័ព ឃុំសូភាស ស្រុកស្ទឹងត្រង់​ នាព្រឹកថ្ងៃទី​៦​ ខែកក្កដា​ ឆ្នាំ​២០២៤​ ក្រោមវត្តមាន​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ក្នុងការរក្សា នូវលំនឹងបរិស្ថាន ដែលមានមុខងារជាច្រើនដូចជា រក្សានិយតកម្មប្រភពទឹក ការពារទីជម្រាល ការពារ ការហូរច្រោះ ទាក់ទាញទឹកភ្លៀង បន្សុទ្ធខ្យល់អាកាស ផ្តល់ផល អនុផលព្រៃឈើសំរាប់ប្រើប្រាស់ រក្សា ជីវចម្រុះ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាទីជម្រកដ៏សុខសាន្តសម្រាប់សត្វគ្រប់ប្រភេទ ។

ឯកឧត្ដមអភិបាលខេត្ត​ បានសង្កត់ធ្ងន់ថា​ ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃ ធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន ជាចលករយ៉ាងសំខាន់សម្រាប់កិច្ចសហការក្នុងការអភិវឌ្ឍវិស័យ ព្រៃឈើ។ នៅតាមវត្តអារាម សាលារៀន សួនច្បារ មានដើមឈើច្រើននោះ វានឹងធ្វើឲ្យក្លាយទៅជាទី រមណីយដ្ឋាន ក្លាយជាតំបន់ទេសចរណ៍ និងសាលារៀនមានទីធ្លាប្រកបដោយម្លប់ឈើត្រឈឹងត្រឈៃ ជាទីមនោរម្យសម្រាប់សិស្សានុសិស្ស សម្រាក រៀនសូត្រ និងលេងកំសាន្តថែមទៀតផង។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានអំពាវនាវ​ដល់​ព្រះសង្ឈ អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គ្រប់គ្រឹះ​ស្ថាន​​សិក្សា ទីអារាមទាំងអស់ និងប្រជាពលរដ្ឋគ្រប់ៗរូប មេត្តាយកចិត្តទុកដាក់បន្តបង្កើនការបណ្តុះ និងដាំពូជឈើល្អៗគ្រប់ប្រភេទ ឲ្យបានកាន់តែច្រើនឡើងជាបន្តបន្ទាប់នៅលើដីទំនេរ ទីទួល ទីទំនាប តាមទីអារាម ស្ថាប័ន គ្រឹះស្ថានសិក្សា ភូមិដ្ឋាន និងតាមទីសាធារណៈផ្សេងៗឲ្យបានច្រើនបន្ថែមទៀត ដើម្បីបង្កើនគម្របពណ៌បៃតង ដ៏ស្រស់ត្រកាលនៅលើទឹកដីខេត្តកំពង់ចាម​ផងដែរ​ ។

បើតាម លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឱ្យដឹងថា​ ការប្រារព្ធពិធី រុក្ខទិវា​ ថ្នាក់ខេត្ត​ឆ្នាំ​នេះ​ យេីងបាន​ជ្រើសរើសយកប្រភេទឈើល្អៗ មានតម្លៃ​សម្រាប់​ដាំដុះ​ និងចែកជូនប្រជាពលរដ្ឋ​ យកទៅដាំនៅកន្លែងផ្សេងៗសរុបចំនួនចំនួន ២ ៤៨៣ដើម ជាប្រភេទ នាងនួន ធ្នង់ គគីរ ក្ងោក ស្មៅ ព្រីង និងមានកូនឈើសំរាប់ចែកចាយដល់ ប្រជាពលរដ្ឋមូលដ្ឋានចំនួន ៤២០ដើម ក្នុងនោះមានៈ កូន ឈើ ធ្នង់ បេង ស្តៅ​ ព្រីង និងខ្នុរ ៕