ភ្នំពេញ: នៅថ្ងៃទី៨កក្កដានេះ គឺជាថ្ងៃគម្រប់ខួបលើកទី៧ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក “ព្រៃគុហ៍” ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៤) ប្រជាពលរដ្ឋកម្ពុជា អបអរសាទរយ៉ាងក្លៀវក្លាបំផុត។
ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងទ្បើងដោយព្រះបាទឥសានវរ្ម័នទី១ ក្នុងសតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ។ ក្នុងចំណោមស្ថាបបត្យកម្មកំពូលៗក្នុងលោក ប្រសាទបុរាណសំបូរព្រៃគុករបស់ខ្មែរ ត្រូវបានពិភពលោកទទួលស្គាល់ជាស្នាដៃល្អឯកមួយ ហើយត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។
ប្រាសាទទាំងនេះ សាងសង់អំពីថ្មបាយក្រៀម ឥដ្ឋតាន់ និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៥) នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយ ព្រះសិវៈ ក្នុងលទ្ធិព្រហ្មញ្ញសាសនា លើផ្ទៃដីប្រមាណ ៣០០០ ហិកតា។
តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រ ភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឦសានបុរៈ កាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃព្រហ្មញ្ញសាសនា៕