សិក្ខាសាលាផ្សព្វផ្សាយច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងការអនុវត្តវិធីសាស្ត្រ ស៥ សុវត្ថិភាពអាហារ និងគុណភារាអាហារ 

0

(កំពង់ធំ)÷ លោក ប្លោក ចាន់រដ្ឋា ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ បានថ្លែងថាការផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម យ៉ាងសកម្មក្នុងបដិវត្តន៍ឧស្សាហកម្មទី៤បច្ចេកវិទ្យាឌីជីថល និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈ ការបង្កើតថ្មីៗកាត់បន្ថយភាពក្រីក្រ វិសមភាពសង្គម និងឈានដល់គោលដៅអភិវឌ្ឍប្រកបដោយថេរភាព។

កម្មវិធីនេះផងដែរ មានការអញ្ជើញចូលរួម លោក ពៅ វណ្ណា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងក្រុមការងារ លោក ចាន់ ហួរ ប្រធាននាយកដ្ឋានទំនាក់ទំនងអតិថិជនផ្ទាល់ តំណាង លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME BANK) ជាម្ចាស់ ឬតំណាងរោងចក្រ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មស្រុកស្ទោង លោក បូ វិបុល ប្រធានការិយាល័យចល័ត និងជាតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅសាលប្រជុំសាលាស្រុកស្ទោង។

លោក ពៅ វណ្ណា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានឡើងធ្វើបទបង្ហាញពីស៥ គឺជាវិធីសាស្ត្រដែលធ្វើឱ្យទីតាំងផលិតកម្ម ឬទីកន្លែងធ្វើការ មានសណ្តាប់ធ្នាប់ មានអនាម័យ និងមានសុវត្ថិភាព។

ឆ្លៀតក្នុងឱកាសនេះលោក ប្លោក ចន្ទរដ្ឋា បានបង្ហាញពីគោលបំណង និងចំណុចសំខាន់៤គឺ៖ ១-ការផ្សព្វផ្សាយច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ២-ការអនុវត្តវិធីសាស្ត្រស៥។ ៣-ការយល់ដឹងពីសុវត្ថិភាពអាហារ និងគុណភាពអាហារ។ ៤-ការគាំទ្រជួយវិស័យរោងចក្រ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម។

លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ បានបញ្ជាក់ថា ការលើកស្ទួយវិស័យសហគ្រាសធុនតូច និងមធ្យម ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាននិងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុ ប្រកបដោយភាពទាក់ទាញ រួមមាន៖ ការផ្តល់ឥណទាន ដែលមានតម្លៃទាប និងលក្ខខណ្ឌអនុគ្រោះដែលផ្តល់ភាពងាយស្រួល នៅលើទីផ្សារ។ នៅចំពោះមុខធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានផែនការអភិវឌ្ឍបណ្តាញចែកចាយ ឱ្យបានទូលំទូលាយបន្ថែមទៀត សម្រាប់អតិថិជនគោលដៅ និងដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ធនាគារ នឹងវិនិយោគបន្ថែមលើការបើកសាខាថ្មី។ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវីឡា ជាពិសេសការចាប់ដៃគូ សហការជាមួយស្ថាប័នផ្សេងៗ ក្នុងគោលបំណងបំរើសេវាកម្ម ជូនដល់អតិថិជន ដែលជាសហគ្រាសធុនតូច និងមធ្យម ឱ្យបានកាន់តែល្អប្រសើរ។ អត្ថបទលោក ធូ កែវមុន្នី