(កំពង់ធំ)÷លោក ប៊ុន ចាន់ នាយករងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ បានផ្តល់ចំណេះដឹងដល់សិក្ខាកាម ដែលជាមន្ត្រីបសុពេទ្យក្នុងការអនុវត្តន៍នីតិវិធីស្តង់ដារ (SOP)ក្នុងការអង្កេតតាមដាន និងឆ្លើយតបពេលផ្ទុះជំងឺផ្តាសាយបក្សី។
វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហាក់ មករា ទីប្រឹក្សាអង្គការ FAO លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ និងមន្ត្រីតាមបណ្ដាខេត្ត បានចូលរូមក្នុងវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីស្តង់ដារសម្រាប់ការស៊ើបអង្កេត និងឆ្លើយតបក្នុងករណីផ្ទុះជំងឺផ្តាសាយបក្សី សម្រាប់មន្ត្រីបសុពេទ្យ នៅសណ្ឋាគារក្លរៀ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានរយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០២៤។
លោក ប៊ុន ចាន់ នាយករងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ បានបង្ហាញពីសារប្រយោជន៍ នៃវគ្គបណ្តុះបណ្តាលមានសិក្ខាកាមចូលរួមសរុប៤៣នាក់ ស្រី០៦នាក់ មកពីខេត្តចំនួន០៦( ខេត្តកំពង់ធំ, កំពង់ចាម, ព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ និងខេត្តប៉ៃ លិន) វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងចំណេះដឹងដល់សិក្ខាកាមដែលជាមន្ត្រីបសុពេទ្យក្នុងការអនុវត្តន៍នីតិវិធីស្តង់ដារ (SOP)ក្នុងការអង្កេតតាមដាន និងឆ្លើយតបពេលផ្ទុះជំងឺផ្តាសាយបក្សី។
លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានលើកឡើងថា ដើម្បីកុំឱ្យជំងឺផ្យាសាយបក្សី ផ្ទុះឡើងនៅតាមខេត្ត និងតាមមូលដ្ឋាន មន្ត្រីជំនាញទាំងអស់ ត្រូវតែចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យមានវិធានការការពារទប់ស្កាត់ជាទាន់កុំឱ្យជំងឺផ្ដាសាយនេះឆ្លងដល់បងប្អូននៅក្នុងមូលដ្ឋាន។ ជាពិសេសប្រសិនបើឃើញសត្វបក្សីឈឺ ឬងាប់សូមកុំយកទៅបរិភោគត្រូវតែរាយការណ៍ទៅដល់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីការពារកុំឱ្យឆ្លងដល់មនុស្ស និងសត្វដទៃទៀត។
គួរបញ្ជាក់ផងដែរថា សម្រាប់វគ្គបណ្ដុះបណ្ដាលនេះដែលរៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការឧបត្ថម្ភថវិកាពីអង្កការFAO និងUSAID។ អត្ថបទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ