ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី នៅថ្ងៃទី១៥កក្កដាម្សិលមិញ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ រួមទាំងអាជ្ញាធរមូលដ្ឋាន ចុះទៅកាន់តំបន់ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកពីរ គឺ ស្រុកឆែប និងស្រុកជ័យសែន នៃខេត្តព្រះវិហារ។
នៅក្នុងដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនោះ លោកអភិបាលខេត្ត បានចុះពិនិត្យស្ថានភាពទឹក នៅចំណុចស្ពានអូស្មៀត ស្ថិតក្នុងឃុំតស៊ូ ស្រុកជ័យសែន និងបានបន្តដំណើរឆ្ពោះមកពិនិត្យស្ថានភាពទឹកភ្លៀង នៅក្នុងឃុំឆែប១ ស្រុកឆែប ថែមទៀតផង។
ស្របពេលជាមួយគ្នានោះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងពេលនេះ បានស្រកចុះបណ្តើរៗហើយ និងលោកបានដាក់ផែនការឱ្យមន្ទីរជំនាញធនធានទឹក និងឧតុនិយមខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋាន (ឃុំ-ស្រុក) បន្តតាមដានដោយយកចិត្តទុកដាក់ អំពីការប្រែប្រួលស្ថានការណ៍ធាតុអាកាស និងស្ថានភាពជំនន់ទឹកភ្លៀង នៅតាមមូលដ្ឋាននោះ ផងដែរ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ លោក ចាប កុយ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹង នៅថ្ងៃ១៦កក្កដានេះថា ស្ថានភាពជំនន់ទឹកភ្លៀងនោះ បានស្រកចុះអស់ហើយ និងក៏មិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋ និងកត្តាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនោះឡើយ។
លោក ចាប កុយ បានបន្តថា ជំនន់ទឹកភ្លៀងនេះ បង្កឡើងដោយសារមានភ្លៀងធ្លាក់ច្រើន នៅយប់ថ្ងៃទី១៤កក្កដា២០២៤ គឺចាប់ពីម៉ោង ១រំលងអធ្រាត ដល់ម៉ោង៥ទៀបភ្លឺ ទឹកភ្លៀងស្ថិតក្នុងកម្រិត ១៣៦មីលីម៉ែត្រ ធ្វើឲ្យទឹកហូរតាមអូរ ឬតាមព្រែកមិនទាន់ ទើបធ្វើឱ្យទឹកចាល់រយៈពេល ៣ម៉ោង តែបានស្រកទៅវិញ តាំងពីម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៥កក្កដា ម្សិលមិញនោះមក ហើយតំបន់ដែលមានជំនន់ទឹកភ្លៀងនោះ លោក គីម រិទ្ធី អភិបាលខេត្ត ក៏បានដឹកនាំមន្ត្រីចុះពិនិត្យផងដែរ ។
លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានបន្តទៀតថា ជំនន់ទឹកភ្លៀងនេះ គឺបានលិចតែនៅតំបន់ទាបជាប់នឹងមាត់អូរ ព្រែក ព្រោះតំបន់នោះ ឱ្យតែមានទឹកធំ គឺលិចលង់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែ យ៉ាងណាគិតត្រឹមថ្ងៃ១៦កក្កដានេះ សម្ពាធអាកាសធាតុក្នុងខេត្ត បានថយចុះប្រមាណ ៥០ភាគរយ បើធៀបនឹងថ្ងៃទី១៤ និង១៥កក្កដា២០២៤ ប៉ុន្តែ ផ្ទៃមេឃនៅតែអួរអាប់។ ចំពោះស្ថានភាពទឹកស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នោះវិញ ស្ថិតក្នុងកម្ពស់ប្រមាណ ៩ម៉ែត្រ បើធៀបនឹងឆ្នាំកន្លងទៅ គឺមានសភាពប្រហាក់ប្រហែលគ្នា ហើយសម្រាប់កម្រិតប្រកាសអាសន្នវិញ គឺស្ថិតក្នុងកម្ពស់ប្រមាណ ១១ម៉ែត្រ ឯណោះ ។
លោក ចាប កុយ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តតាមដាននូវអាកាសធាតុ ឬក៏ព័ត៌មានស្តីពីអាកាសធាតុ ឲ្យបានជាប់ជាប្រចាំ ដើម្បីងាយស្រួលក្នុងការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឲ្យបានរួចរាល់ ហើយមន្ទីរជំនាញ នឹងផ្សព្វផ្សាយបន្តបន្ទាប់ ពីបញ្ហាអាកាសធាតុនេះ ព្រោះត្បិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨កក្កដា២០២៤ ស្ថានភាពអាកាសធាតុ ក្នុងខេត្តព្រះវិហារ នឹងមានខ្យល់បោកបក់ខ្លាំង និងមានផ្គររន្ទះពីតិចទៅច្រើនលើសកម្រិតធម្មតា៕ដោយ៖ឡុង សំបូរ