ការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធក្នុងការលុបបំបាត់ទាំងស្រុងនូវទារុណកម្ម ដើម្បីលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ

0

ខេត្តកែប៖ ដើម្បីអោយការងារប្រយុទ្ធប្រឆាំងទារុណកម្ម ទទួលបានជោគជ័យ គឺដាច់ខាតត្រូវមានការចូលរួមយ៉ាងសកម្មពីតួអង្គសំខាន់ៗទាំងអស់ ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងមន្រ្តីអនុវត្តច្បាប់ ហើយការចូលរួមក្នុងការបង្ការ ទប់ស្កាត់ប្រឆាំង និងឈានដល់ការលុបបំបាត់ឲ្យបានទាំងស្រុងនូវទារុណកម្ម គឺជាការចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធមនុស្សនៅកម្ពុជា ហើយទាំងនេះជាការចូលរួមលើកមុខមាត់រាជរដ្ឋាភិបាលលើឆាកអន្តរជាតិផងដែរ។

នេះជាការលើកឡើង ដោយមន្រ្តីជាន់ខ្ពស់នៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកែប ក្រោមវត្តមានឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម  និងប្រតិភូអមដំណើរ និងបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ឯកឧត្តម រ៉ូ ប៊ីនណៃ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានលើកឡើងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីបញ្ជ្រាបពីការទប់ស្កាត់ បង្ការ និងប្រឆាំងរាល់ទម្រង់នៃទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ជូនតួអង្គពាក់ព័ន្ធទាំងអស់ដែលជាមន្រ្តីអនុវត្តច្បាប់ ដើម្បីការពារសិទ្ធិជនទាំងឡាយដែលអាច ឬត្រូវបានដកហូតសេរីភាព។
ឯកឧត្តមបន្ថែមថា ក្នុងនាមយើងជាមន្រ្តីអនុវត្តច្បាប់ គឺត្រូវអនុវត្តច្បាប់តែក្នុងក្របខណ្ឌច្បាប់កំណត់ បើយើងអនុវត្តលើសហួសព្រំដែន ឬដោយការធ្វេសប្រហែសណាមួយ ឬដោយកំហឹង ឬដោយខ្វះគុណធម៌ ខ្វះក្រមសីលធម៌វិជ្ជាជីវៈ ឈានដល់ហឹង្សា ឬទារុណកម្ម នោះ​ ច្បាប់នឹងអនុវត្តមកលើខ្លួនយើងវិញមិនខាន។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា តាមរយៈកម្មវិធីនេះ រដ្ឋបាលខេត្តនឹងបន្តអនុវត្តដោយម៉ឺងម៉ាត់ និងកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការជំរុញការអប់រំផ្សព្វផ្សាយ អំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្កាទារុណកម្ម តួនាទីភារកិច្ចពាក់ព័ន្ធក្នុងក្របខណ្ឌនៃការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម  បានសង្កត់ធ្ងន់ថា  យើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា ការធ្វើទារុណកម្ម ដែលមិនគម្បី​ ដែលឃោរឃៅ  អមនុស្សធម៌ បន្ទាបបន្ថោក មិនមែនជាវិធានការចាំបាច់ ដែលត្រូវយកមកអនុវត្តចំពោះជនទាំងនោះឡើយ។ ផ្ទុយទៅវិញការប្រព្រឹត្តបែបនេះ ជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាអំពើដែលអាចបង្កើតឲ្យមាន គំនិតគុំគួនគ្នាទៅវិញទៅមកមិនចេះចប់។

ឯកឧត្តម បន្ថែមថា ទោះបីយ៉ាងណាក៏ដោយ តាមរយៈបទពិសោធន៍ ចុះត្រួតពិនិត្យទូទាំងប្រទេស អាជ្ញាធរមានសមត្ថកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាពជាច្រើនបាន ខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ទោះនៅមានកន្លែងមួយចំនួននៅមានចំណុចខ្វះខាតខ្លះៗ ដែលយើងយល់ឃើញថា នៅត្រូវការកែលម្អបន្ថែម។

គួរបញ្ជាក់ថា កម្ពុជាបានចូលជារដ្ឋភាគី នៃលិខិតតុបករណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្សសំខាន់ៗចំនួន០៨ ក្នុងចំណោម៩  ដែលឆ្លុះបញ្ជាំងឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ និងមានឆន្ទៈយ៉ាងមុះមុត ក្នុងការគោរព ការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងអនុវត្តកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងនាមជារដ្ឋភាគី៕ សេង ណារិទ្ធ