(កំពង់ធំ)÷ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍AFD ក្រោមជំនួយគាំទ្រពីUNDP នៃគម្រោង លើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច ក្នុងការកំណត់អត្តសញ្ញាណកម្មជនជាតិដើមភាគតិចក្នុងខេត្តកំពង់ធំ និងព្រះវិហារ បានរៀបចំចុះដាំកូនត្នោត និងកូនឈើតាមព្រំប្រទល់សហគមន៍ព្រៃឈើអូរសោម ស្ថិតក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ គោលបំណង ក្នុងការចុះដាំកូនត្នោតគឺ ដើម្បីបង្កើនគម្របដី និងដាំជាបង្គោលព្រំព្រៃសហគមន៍ បង្កើនជីជាតិដីកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រមទាំងផ្ដល់អត្ថប្រយោជន៍និងរកប្រាក់ចំណូលបន្ថែមដល់សមាជិកសហគមន៍នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
លោកស្រី សន សុភាព ប្រធានសហគមន៍ព្រៃឈើអូរសោមបានគូសបញ្ជាក់ថា ក្រោមការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយដាំកូនត្នោត និងកូនឈើឡើងវិញ បានអនុវត្ដយ៉ាងសកម្ម ក្នុងការថែរក្សាការពារអភិរក្សធនធានធម្មជាតិដែលជាទ្រព្យសម្បត្ដិព្រៃឈើរបស់ជាតិ និងការប្រើប្រាស់ព្រៃឈើឱ្យបានត្រឹមត្រូវ តាមវិចារណញ្ញាណ។
លោក ស៊ឹម គឿន ជំទប់ទី២ឃុំសាលាវិស័យ បានលើកឡើងថា ការដាំកូនត្នោត និងកូនឈើនៅតាមព្រំប្រទល់ព្រៃសហគមន៍អូរសោម នៅឃុំសាលាវិស័យនាពេលនេះ គឺដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសគំនិតឱ្យយុវជនជំនាន់ចូលរួមថែរក្សា ការពារនិងស្រឡាញ់ព្រៃឈើ ក៏ដូចជាដើមត្នោត អ្វីដែលកាន់តែពិសេសសម្រាប់ជនជាតិខ្មែរ ការដាំកូនត្នោត ពិតជាមានតម្លៃឥតគណនា ដោយសារដើមត្នោតផ្តល់អត្ថប្រយោជន៍យ៉ាងពិសេស ហើយដើមត្នោតក៏ជាអត្តសញ្ញាណជាតិខ្មែរផងដែរ។
ជាមួយគ្នានេះផងដែរលោកជំទប់ទី២ឃុំសាលាវិស័យក៏បានផ្ដាំផ្ញើរដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តដាំកូនត្នោត និងកូនឈើនៅឆ្នាំបន្តបន្ទាប់នៅក្នុងសហគមន៍ ដើម្បីទុកជាប្រវត្តិសាស្រ្ត។ ជាមួយគ្នានេះដែរ អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាការពារសហគមន៍ព្រៃឈើអូរសោម បន្តការរៀបចំ និងពង្រឹងសហគមន៍ព្រៃឈើ យកចិត្តទុកដាក់ទប់ស្កាត់នូវរាល់សកម្មភាពបំផ្លាញព្រៃឈើដូចជា ការកាប់ឈើ និងការកាប់រាន ដុត ឈូសឆាយហ៊ុំព័ទ្ធយកដីព្រៃឈើ ដែលជាដីសាធារណៈរបស់រដ្ឋឱ្យដូចជាភ្លៀងរលឹម។
គួរបញ្ជាក់ផងដែរថា អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) បានរៀបចំចុះដាំកូនត្នោត២០.០០០ដើម និងកូនឈើ៣.២០០ដើម ដែលមានផ្ទៃដី៣០៨ហិកតា តាមព្រំប្រទល់សហគមន៍ព្រៃឈើអូរសោម ស្ថិតនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ៕ អត្ថបទលោក ធូ កែវមុន្នី