កំពង់ចាម: ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ។
ថ្លែងក្នុងឱកាស ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលេីកឡេីងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ មាន (មុំ ទី១) គឺការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់គុណភាពអប់រំ ការលើកកម្ពស់ការបង្រៀនខាងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និង (មុំទី៥) គឺការលើកកម្ពស់នូវសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលក្នុងនោះវិស័យអប់រំដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តនូវផែនការយុទ្ធសាស្ត្រនេះ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់គ្រូបង្រៀន ដោយបានរៀបចំកែលម្អផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន តម្លើងប្រាក់បៀវត្សគ្រូបង្រៀន ពង្រឹងគុណវុឌ្ឍិគ្រូ ក៏ដូចជាសាងសង់អគារសិក្សាស្តង់ដា ពិនិត្យឡើងវិញកម្មវិធីសិក្សា និងសៀវភៅគោល ធ្វើអភិបាលកិច្ចសាលារៀន និងធ្វើកំណែទម្រង់ឧត្តមសិក្សាផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ថា ដើម្បីបង្កើនសាលាពីកម្រិតអនុវិទ្យាល័យទៅវិទ្យាល័យត្រូវរៀបចំផែនការឱ្យបាន ច្បាស់លាស់ ជាពិសេសផែនការទប់ស្កាត់នូវបញ្ហាខ្វះគ្រូ អគារសិក្សាដែលត្រូវត្រៀមបន្តទៀត និងពង្រឹងគុណភាពអប់រំ ដោយក្រសួងបាន ដាក់ចេញកំណែទម្រង់សាលារៀនដោយផ្តោតទៅលើការបង្កើនសាលារៀនស្តង់ដា ដែលមានស្តង់ដាចំនួន៥ ផ្តោតលើ (១). លទ្ធផលសិក្សារបស់សិស្ស (២). ការកែលម្អការរៀន បង្រៀន និងបង្រៀន ដូចជាការបង្រៀនម៉ោងបន្ថែម (៣). ការចូលរួមរបស់សហគមន៍ (៤). ដំណើរប្រតិបត្តិ និងរដ្ឋបាលសាលារៀន និង(៥). គណនេយ្យភាពរបស់ សាលារៀន ។
បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា រហូតដល់បច្ចុប្បន្ន មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានជ្រើសរើសស្តង់ដាសាលារៀនគំរូក្នុងខេត្ត សរុបចំនួន៥៧សាលា (មត្តេយ្យចំនួន៣ បឋម៣១ មធ្យម២០) គណៈកម្មការ និង អនុគណៈកម្មការបានចុះជួយគាំទ្រតាមសាលានីមួយៗ និងបានធ្វើការវាយតម្លៃតាមស្តង់ដាសាលា រៀនគំរូ ទាំង៥ស្តង់ដា ជាលទ្ធផល ពិន្ទជាប់បណ្តោះអាសន្នចំនួន៣៣ (មត្តេយ្យ២ បឋមសិក្សា១៦ និងមធ្យមសិក្សា១៥) ដើម្បីដាក់ស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡាចុះវាយតម្លៃស្តង់ដាសាលា រៀនគំរូ កម្រិតថ្នាក់ជាតិ ៕