អភិបាលខេត្តស្ទឹងត្រែង ណែនាំអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញឱ្យបង្កើតរមណីយដ្ឋានអេកូទេសចរណ៍ទស្សនាសត្វផ្សោត ដើម្បីស្រូបយកចំណូលពីវិស័យឧស្សាហកម្មគ្មានផ្សែងនេះ

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញដែលមានការពាក់ព័ន្ធ គួររៀបចំបង្កើតរមណីយដ្ឋានអេកូទេសចរណ៍ សត្វផ្សោតមេគង្គ នៅក្នុងស្រុកសៀមបូក ដើម្បីប្រែក្លាយតំបន់ដែលស្ងប់ស្ងាត់នេះ ប្រែក្លាយទៅជាទីកន្លែងដែលមានភ្ញៀវទេសចរ អ៊ូអរ ជួបជុំសម្រាប់ចូលមកទស្សនាកម្សាន្ត។

ប្រសាសន៍ណែនាំរបស់ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា នៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីឆ្មាំជលផល នៅឃុំស្រែក្រសាំង ស្រុកសៀមបូក នាថ្ងៃទី ១១ សីហា ២០២៤ ក្រោមការរៀបចំរបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង។

លោកអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា “យើងត្រូវរួមគ្នាបង្កើនការអភិរក្សសត្វផ្សោត កំពុងរស់នៅតំបន់យើងនេះ ឱ្យនៅគង់វង្ស ហើយរួមគ្នារៀបចំសហគមន៍ និងរកដៃគូមកជួយអភិវឌ្ឍន៍ ធ្វើជារមណីយដ្ឋានសម្រាប់ទស្សនាសត្វផ្សោត ដើម្បីស្រូបយកចំណូលពីវិស័យឧស្សាហកម្មគ្មានផ្សែងនេះ ក្នុងការជួយផ្គត់ផ្គង់ជីវភាពរស់នៅ ប្រកបដោយនិរន្តរភាព”។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ទៀតថា នៅពេលបង្កើតបានរមណីយដ្ឋាននេះហើយ លោករំពឹងថា ប្រជាពលរដ្ឋយើងត្រូវបានផ្លាស់ប្ដូរមុខរបរពីការធ្វើនេសាទ កាប់ឈើ ហើយងាកមកដាំបន្លែបង្ការ ដំណាំកសិកម្មផ្សេងៗ កែច្នៃវត្ថុអនុស្សាវរីយ៍ ធ្វើម្ហូបអាហារលក់ដូរជូនភ្ញៀវទេសចរ  “អីចឹងធ្វើយ៉ាងណានៅតំបន់យើងនេះ  ពីតំបន់ដែលស្ងប់ស្ងាត់ ទៅជាមានភ្ញៀវទេសចរ ជាពិសេស សត្វផ្សោតយើងមានសក្តានុពល ធ្វើរឿងហ្នឹងឲ្យចេញ    ពេលយើងធ្វើទៅបានជោគជ័យ គឺបានផលប្រយោជន៍ទៅប្រជាពលរដ្ឋយើងនៅតំបន់នោះ    ទីមួយ គឺមានមុខរបរ អ្នកណាមានទូកដាក់ទូកដឹកភ្ញៀវទៅ   អ្នកណាចេះធ្វើម្ហូប   ធ្វើម្ហូបទទួលភ្ញៀវទៅ  សូម្បីតែបន្ទប់ទឹកក៏ត្រូវបង់លុយ    ហើយយើងធ្វើអញ្ចឹងទៅ ប្រជាជនយើងនៅពេលដែលគាត់ មានមុខរបរ ពិតប្រាកដ     គាត់លែងគិត ទៅធ្វើការនេសាទខុសច្បាប់ទៀតហើយ នៅពេលគាត់មានមុខរបរជាក់លាក់ហើយ មានចំណូលគ្រប់គ្រាន់ គាត់នាំគ្នាលែងចូលព្រៃកាប់ដើមឈើ ដែលជួបហានិភ័យ ចំពោះអាយុជីវិតប្ដីប្រពន្ធគាត់ទៀតហើយ” ។

អភិបាលស្រុកសៀមបូក លោក សួង ហ៊ី បានឱ្យដឹងថា លោកនឹងទទួលយកផែនការណ៍នេះ ទៅធ្វើប្រឹក្សាជាមួយមន្ទីរពាក់ព័ន្ធបន្ថែម   ព្រោះវាជាយន្តការមួយធ្វើឱ្យយើងការពារបានសត្វផ្សោតផង  ហើយបងប្អូនប្រជាពលរដ្ឋយើងក៏មានមុខរបរថ្មីបន្ថែមទៀតផងដែរ។

លោក សួង ហ៊ី បានបន្តថា កិច្ចការងារនេះ លោកនឹងយកការចង្អុលបង្ហាញ របស់លោកអភិបាលខេត្តទៅរៀបចំជាសហគមន៍ ហើយកសាងឱ្យមានផែនទីបង្ហាញជូនភ្ញៀវឱ្យស្គាល់តំបន់នេះ ក្នុងពេលដែលរាជរដ្ឋាភិបាល បានផ្តល់ផ្លូវកៅស៊ូមកដល់ទីជនបទនេះហើយ “នៅតំបន់សក្តានុពលរបស់យើងទីមួយ គឺ អន្លង់ត្បូងខ្លា ជាអន្លង់មួយនៅក្នុងឃុំសៀមបូក និងកោះកូនសត្វ ចំណុចនេះ យើងឃើញបងប្អូនប្រជាពលរដ្ឋ សហគមន៍នេសាទរបស់យើង ឃើញផ្សោតកំពុងតែផុសជារៀងរាល់ថ្ងៃ ប៉ុន្មានថ្ងៃមុននេះឃើញបងប្អូនសហគមន៍នេសាទ និងឆ្នាំទន្លេបានថតរូបភាពផ្សោតបួនប្រាំក្បាល កំពុងប្រឡែងលេងនៅលើដងទន្លេមេគង្គ”។

សូមជម្រាបថា សត្វផ្សោតនៅប្រទេសកម្ពុជា ដែលបានរកឃើញ មានចំនួន ៨៩ក្បាល ហើយខេត្តស្ទឹងត្រែង មានចាប់ពី៣១ ទៅ៣៦ក្បាល ប៉ុន្តែ បច្ចុប្បន្ននៅសល់ត្រឹមតែ២៥ ទៅ៣០ក្បាលប៉ុណ្ណោះ ដោយសារចាប់ពីឆ្នាំ២០២០ រហូតដល់ខែកុម្ភះ ឆ្នាំ២០២២ សត្វផ្សោត ៣ក្បាល ដែលរស់នៅអន្លង់ឈើទាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ព្រំប្រទល់ប្រទេសឡាវ គឺបានស្លាប់ផុតពូជទៅហើយ និងការស្លាប់សត្វផ្សោតមួយចំនួនទៀត នៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ សម្រាប់ឆ្នាំ២០២៣ តាមការកត់ត្រារបស់ក្រុមស្រាវជ្រាវ នៃរដ្ឋបាលជលផល និងអង្គការ WWF សត្វផ្សោតក្នុងខេត្តស្ទឹងត្រែង ឃើញកូនកើតថ្មី ២ក្បាល និងសត្វផ្សោតស្លាប ២ក្បាល៕ ដោយ៖ឡុង សំបូរ