ខេត្តរតនគិរី៖ អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី លោក ម៉ា វិចិត្រ បានលើកឡើងថា “ គិតត្រឹមខែសីហា ឆ្នាំ២០២៤ គ្រោះមហន្តរាយជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ស្រុកចំនួន២ ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ហិកតា និងផ្លូវជនបទ ១ម៉ឺន ៤ពាន់ ៤៩០ម៉ែត្រ នៅក្នុងខេត្តរតនគិរី ” ដែលបានរងផលប៉ះពាល់នាពេលកន្លងមក។
ការលើកឡើងរបស់ លោក ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាតំណាង លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត ឆ្នាំ២០២៤ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តរតនគិរី ។
អភិបាលរងខេត្តរតនគិរី លោក ម៉ា វិចិត្រ បានថ្លែងថា ប្រទេសកម្ពុជា ក៏ដូចជាខេត្តរតនគិរី មានមុខសញ្ញាគ្រោះថ្នាក់ជាច្រើន ដែលកំពុងជួបប្រទះស្ទើរជារៀងរាល់ឆ្នាំ ដូចជា៖ ជំនន់ទឹកភ្លៀង គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ អគ្គីភ័យ និងជំងឺឆ្លងរាតត្បាត ។ល។ ហើយឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ ក៏ជាកត្តាជំរុញឱ្យគ្រោះមហន្តរាយទាំងនោះ កាន់តែកើនឡើងជាញឹកញាប់ និងផលប៉ះពាល់ថែមមួយកម្រិតទៀត ដែលត្រូវរួមគ្នាយកចិត្តទុកដាក់។
លោក ម៉ា វិចិត្រ បានបន្តថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈរបាយការណ៍របស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានបង្ហាញថា គ្រោះមហន្តរាយទឹកជំនន់ បានបង្កឱ្យប៉ះពាល់ដល់គ្រួសារជាច្រើន ពិសេសសហគមន៍ដែលរស់នៅជាប់នឹងប្រភពទឹកធម្មជាតិ ដូចជា ទន្លេ និងអូរ ផលដំណាំកសិកម្ម ក៏ទទួលរងផលប៉ះពាល់ច្រើនគួរឱ្យកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សាលារៀន មណ្ឌលសុខភាព ព្រមទាំងអាយុជីវិតមនុស្ស សត្វពាហនៈ ខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបរចិញ្ចឹមជីវិត ក៏ដូចជាប្រាក់ចំណូល ផងដែរ។
លោកអភិបាលរងខេត្តរតនគិរី បានលើកយកអនុសាសន៍សំខាន់ៗមួយចំនួន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានប្រគល់ភារកិច្ច ជូនគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់លើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ មានដូចតទៅ៖
១-គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រៀមលក្ខណៈក្នុងការដាក់ចេញ នូវកិច្ចអន្តរាគមន៍ជាបន្ទាន់ និងទាន់ពេលវេលា ដល់ប្រជាកសិករ ប្រសិនបើមានគ្រោះមហន្តរាយកើតឡើង ជាពិសេសគ្រោះទឹកជំនន់ ដើម្បីធានាថា ប្រជាកសិករយើង អាចបង្កបង្កើនផលក្នុងរដូវវស្សានេះ ប្រកបដោយប្រសិទ្ធភាព និងទិន្នផលខ្ពស់។
២-គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តពង្រឹងនិងពន្លឿនបន្ថែម នូវការងាររៀបចំប្រព័ន្ធរំដោះទឹកជំនន់ ជាពិសេសពីជំនន់ទឹកភ្លៀង ចំពោះទីតាំងសំខាន់ៗ ដែលមានសក្តានុពលសេដ្ឋកិច្ច ហើយងាយរងគ្រោះ។
៣-គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រប់ក្រសួងស្ថាប័នពាក់ព័ ពន្លឿនការរៀបចំធ្វើបច្ចុប្បន្នភាព និងការពង្រីកទៅកាន់បណ្តាសហគមន៍ នូវប្រព័ន្ធប្រកាសឱ្យដឹងមុន នូវគ្រោះអាសន្ន និងគ្រោះមហន្តរាយគ្រប់ប្រភេទ ទាំងគ្រោះមហន្តរាយដែលបណ្តាលមកពីធម្មជាតិ ដូចជា៖ គ្រោះទឹកជំនន់ ខ្យល់ព្យុះ និងជំងឺរាតត្បាត ក៏ដូចជា គ្រោះមហន្តរាយ ដែលបណ្តាលមកពីឧបទ្ទវហេតុផ្សេងៗ រួមមាន៖ អគ្គីភ័យ និងគ្រោះថ្នាក់ចរាចរណ៍ ជាដើម។
៤-គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងកិច្ចសហការ ក្នុងការចុះអន្តរាគមន៍ ដល់ប្រជាជនរងគ្រោះ ដោយការផ្ទុះឡើងនូវសត្វល្អិតចង្រៃ ដែលកំពុងបង្កផលប៉ះពាល់លើផ្ទៃដីដាំដំណាំ និងត្រូវគិតគូរលើភាពចាំបាច់ នៃការផ្តល់ជំនួយ ដូចជា៖ គ្រាប់ពូជ ឬធនធានចាំបាច់ដទៃទៀត ដល់ប្រជាកសិកររងគ្រោះ ដើម្បីឱ្យពួកគាត់អាចបន្តការដាំដុះឡើងវិញបាន។
៥-គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ គិតគូរលើការរៀបចំ ផែនការឆ្លើយតប ចំពោះគ្រោះមហន្តរាយ នៃការផ្ទុះឡើងសត្វល្អិតចង្រៃ ក៏ដូចជាយន្តការ ចាំបាច់នានា ដើម្បីពង្រឹងជីវភាពដល់ប្រជាកសិករ ឱ្យទាន់ពេលវេលាពេលវេលា ពង្រឹងប្រសិទ្ធភាព នៃការឆ្លើយតបនឹងគ្រោះមហន្តរាយ៕ដោយ៖ឡុង សំបូរ