ខេត្តរតនគិរី៖ រដ្ឋមន្ត្រីក្រសួងផែនការ លោក ប៊ិន ត្រឈៃ បានណែនាំដល់មន្ទីរផែនការខេត្តរតនគិរី ឱ្យបន្តពង្រឹងរចនាសម្ព័ន្ធដឹកនាំ ការលើកកម្ពស់សមភាពយេនឌ័រ និងប្រសិទ្ធភាពការងារ ឱ្យបានល្អជាងនេះថែមទៀត បើទោះបីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តទាំងអស់ បានបំពេញភារកិច្ចយ៉ាងសកម្ម និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ក្នុងពេលកន្លងមកយ៉ាងណាក៏ដោយ។
ប្រសាសន៍ណែនាំរបស់ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានធ្វើក្នុងពេលដែលលោកអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរី នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង អនុប្រធាននាយកដ្ឋាន ប្រធានស្តីទីមន្ទីរផែនការខេត្ត លោក ខេង សារ៉ាត់ រួមទាំងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តជាច្រើនរូបទៀត ផងដែរ។
ប្រធានស្តីទីមន្ទីរផែនការខេត្តរតនគិរី លោក ខេង សារ៉ាត់ បានលើកឡើងថា មន្ទីរបានបំពេញមុខងារជាសេនាធិការ ជូនក្រសួងផែនការ លើបេសកម្មទទួលបន្ទុកអនុវត្ត សកម្មភាពការងាររបស់ខ្លួន ក្នុងការដឹកនាំ និងសម្របសម្រួលលើវិស័យផែនការ ការងារស្ថិតិ តាមដានត្រួតពិនិត្យ វាយតម្លៃប្រជាជន និងអភិវឌ្ឍន៍ និងកិច្ចការចាំបាច់មួយចំនួនទៀត ។
លោក ខេង សារ៉ាត់ បានបន្តថា មន្ទីរផែនការខេត្ត គឺជាអង្គភាពចំណុះឱ្យក្រសួង ផែនការតាមខ្សែបណ្តោយ និងចំណុះឱ្យរដ្ឋបាលខេត្តតាមខ្សែទទឹង និងមានតួនាទី ភារកិច្ច ចូលរួមចំណែក អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងគោលការណ៍ណែនាំរបស់ក្រសួងតាមជំនាញនីមួយៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងបំពេញការងារបន្ថែម រាល់កិច្ចការនានា ដែលរដ្ឋបាលខេត្តប្រគល់ជូន ។
រដ្ឋមន្ត្រីក្រសួងផែនការ លោក ប៊ិន ត្រឈៃ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរផែនការខេត្តរតនគិរី ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរផែនការខេត្ត ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ជាពិសេសការពង្រឹងរចនាសម្ព័ន្ធដឹកនាំ លើកកម្ពស់សមភាពយេនឌ័រ និងប្រសិទ្ធភាពការងារ ជាមួយនឹងយន្តការវាយតម្លៃមន្ត្រីរាជការ រាប់ចាប់ពីមន្ត្រី រហូតដល់ប្រធានមន្ទីរ។
លោករដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ផ្សារភ្ជាប់នឹងការងារកំណែទម្រង់ ក៏ដូចយន្តការត្រួតពិនិត្យវាយតម្លៃមន្ត្រីរាជការ ដែលក្រសួងបាន និងកំពុងអនុវត្ត រួមមាន៖ ការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ,ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ,ការតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជននិងអភិវឌ្ឍន៍ ,ការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងយុទ្ធសាស្ត្រអន្តរកាលដោយរលូន និងការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងផែនការ បានបន្តថា ជាមួយនឹងការងារប្រជាជន និងការអភិវឌ្ឍ គឺក្រសួងផែនការបានគិតគូ លើការងារគោលនយោបាយជាតិ ប្រជាជន សំដៅទាញយកជាអតិបរមានូវភាគលាភប្រជាសាស្ត្រ ទី១ ទី២ និងទី៣ ដោយផ្ដោតការយកចិត្តទុកដាក់ខ្ពស់ លើការងារអាហារូបត្ថម្ភ ដែលក្នុងនោះ រួមមាន៖ ការបញ្ចូលជាតិអីយ៉ូដ សារជាតិដែក និងវីតាមីន ទៅក្នុងអាហារ ដែលជាកិច្ចការដ៏សំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ជាពិសេសកុមារ ដែលចាំបាច់ត្រូវការអាហារូបត្ថម្ភពេញលេញ សម្រាប់ការលូតលាស់ប្រកបដោយភាពរឹងមាំ និងសុខភាពល្អ។
ឈ្លាតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីអត្ថប្រយោជន៍ ដ៏មហាសាលរបស់ព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្ដើមដ៏ឧត្តុង្គឧត្តមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ អតីតនាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)៕ ដោយ៖ឡុង សំបូរ