ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤

0

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធ ភូមិភាគទី៤ បានដឹកនាំកិច្ចប្រជុំប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងនាយការិយាល័យ ស្ថាប័នពាក់ព័ន្ធមួយចំនួន  ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការបញ្ជាដឹកនាំរបស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធ ភូមិភាគទី៤ ព្រមទាំងការដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តមអភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ  ស្នើដល់កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ត្រូវមានការប្រុងប្រៀបកងកម្លាំង ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងករណីរងគ្រោះដោយគ្រោះទឹកជំនន់ នៅតាមមូលដ្ឋាននីមួយៗ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះ ត្រូវប្រុងប្រៀបកងកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីចល័តអន្តរា គមន៍ជួយសង្គ្រោះប្រជាពលរដ្ឋតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយមិនត្រូវធ្វេសប្រហែសទុកឲ្យប្រជាជនយើងណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានក្រើនរំលឹកដល់ថ្នាក់ ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងមេបញ្ជាការគ្រប់បណ្ដាកងឯកភាព នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវចូល រួមសហប្រតិបត្តិការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងការជួបជុំក្រុមគ្រួសារ ធ្វើបុណ្យទាន និងសប្បាយរីករាយ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាង មុខនេះ ប្រកបដោយសុខសុវត្ថិភាព ៕ដោយ វហាស៍