អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ កាន់បិណ្ឌវេនទី២ នៅភ្នំហាន់ជ័យ) ស្រុកកំពង់សៀម និងវត្តសន្ធររង្សី (វត្តអន្លង់សំឡី) ស្រុកស្ទឹងត្រង់

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តជ័យគីរី (ភ្នំហាន់ជ័យ) ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម និងវត្តសន្ធររង្សី (វត្តអន្លង់សំឡី) ស្ថិតក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជាច្រើនផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី បានឧទ្ទិស សូមឲ្យដួងវិញ្ញាណក្ខន្ធ បុព្វការីជន ដែលបានយោនយកកំណើត កើតនៅក្នុងទីឋាន ដ៏ខ្ពង់ខ្ពស់ សូមងាកបែ ក្រោយ ឲ្យពរជ័យ ដល់កូន ចៅ បានសេចក្តីសុខ សេចក្តីចម្រើន ជាពិសេស សូមឲ្យបារមី ដ៏ស័ក្ដិសិទ្ធិ នៅក្នុងលោក ក៏ដូចជា បារមី នៅវត្តភ្នំហាន់ជ័យ និងវត្តអន្លង់សំឡី សូមជួយបីបាច់ថែរក្សា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បី បានដឹកនាំ នាវា នៃព្រះរាជាណាចក្រកម្ពុជា រក្សាបាន នូវសន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍរីកចំរើនថ្មីៗបន្ថែមទៀត ដើម្បី ជាសេចក្តីសុខ សេចក្តីចម្រើន របស់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ។ រួមជាមួយនោះ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម  និងសហការី ក៏សូមឧទ្ទិសនូវមហាកុសលផលបុណ្យ សូមឲ្យបានដល់វិញ្ញាណក្ខន្ធ វីរៈកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដើម្បី បុព្វហេតុជាតិ មាតុភូមិ នៃយើង ។

នាឱកាស ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅក្នុងវត្តទាំង ២ខាងលើ នេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា និងសហការី បាននាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដោយក្នុង ១វត្ត មាន ៖ អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ត្រីខ ១កេស ទឹកត្រី ៥កេស ទឹកស៊ីអ៊ីវ ៥កេស មី ១កេសធំ ទឹកដោះគោខាប់ ១កេសធំ ស្ករស ៥គីឡូក្រាម តែ ៥គីឡូក្រាម និងបច្ច័យ ចំនួន ៣លាន ៣០ម៉ឺនរៀល ។ ដោយឡែក ព្រះសង្ឃ ៧អង្គ ក្នុង ១អង្គៗ ទេយ្យវត្ថុ ចំនួន ១សម្រាប់ បច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្ត្រក ផងដែរ ៕