ខេត្តក្រចេះ៖ គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅប្របនឹងដងព្រែក និងដងទន្លេមេគង្គទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈកម្ពស់ទឹកទន្លេមេគង្គក្នុងខេត្ត បានបន្តហក់ឡើងខ្ពស់ដល់ ២១,៥៥ ម៉ែត្រ នៅម៉ោង៤ល្ងាច និងនៅម៉ោង ៧ព្រឹក ទឹកមានកម្ពស់ ២១,៤០ម៉ែត្រ កើនលើស០,៣៧ម៉ែត្រ នៅថ្ងៃ២៤កញ្ញា២០២៤ និងថ្ងៃម្សិលមិញទឹកមានកម្ពស់ ២១,១៨ ម៉ែត្រ ខណៈកម្ពស់ទឹក ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ ។
គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានឱ្យដឹង នៅថ្ងៃទី២៤កញ្ញា២០២៤នេះថា តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ឃើញថា ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ អាចហ្នឹងហក់ឡើងដល់កម្ពស់ ២១,៧៣ ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ខាងមុខនេះ ស្ថានភាពបែបនេះ នឹងបង្កឲ្យមានទឹកជំនន់គ្រប់ពេលវេលា នៅក្នុងមូលដ្ឋានខេត្តក្រចេះ ។
ស្របពេលជាមួយគ្នានេះដែរ គណៈកម្មការគ្រប់គ្រងគ្រោះមន្តរាយខេត្តក្រចេះ បានចេញសេចក្តីការណែនាំដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្ត ជាពិសេសគ្រួសារ ដែលរស់នៅជាប់ដងទន្លេមេគង្គ និងព្រែកជាដើម ដោយត្រូវវេចខ្ចប់ស្បៀងអាហារ សម្ភារៈ និងឯកសារសំខាន់ៗទុកជាមុន ,ប្រមូលនិងទុកដាក់ភោគផលកសិកម្ម ដែលអាចប្រឈមទៅនឹងទឹកជំនន់ ដែលអាចខូចខាតបាត់បង់ធ្ងន់ធ្ងរ ,បើគ្មានការចាំបាច់កុំធ្វើដំណើរ ឬ ចេញទៅនេសាទដាច់ខាត ,ចងរឹតផ្ទះសំបែងឱ្យបានរឹងមាំ ,ណែនាំកូនចៅកុំឱ្យនៅជិត ឬលេងតំបន់ងាយរងគ្រោះ ,សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មាន អំពីទីតាំងដែលត្រូវជម្លៀសនៅបណ្ដោះសន្ន ,ចែករំលែកព័ត៌មានបន្តទៅដល់អ្នកដទៃ និងត្រូវយកចិត្តទុកដាក់តាមដានប្រព័ន្ធទូរសព្ទ ១២៩៤ ៕ ដោយ៖ឡុង សំបូរ