ប្រជាពលរដ្ឋក្រីក្រ គ្រួសារពលី ពិការ និងអតីតយុទ្ធជន ៥១គ្រួសារ ទទួលបានអំណោយពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក និងមន្ត្រីថ្នាក់មូលដ្ឋាន នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​កម្ពុជា​ និងលោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​​ ចែកជូនដល់គ្រួសារ​អតីត​យុទ្ធ​ជន​ គ្រួសារ​ពលី​ ពិការ និងប្រជាពលរដ្ឋ​ ដែលមានជីវភាពក្រលំបាក​ ៥១​គ្រួសារ​ មកពីឃុំនានា​ នៅក្នុង​ស្រុក​ជាំក្សាន្ដ​ ខេត្ដព្រះវិហារ​។

គ្រួសារ​អតីត​យុទ្ធ​ជន​ ​ពលី​ ពិការ និងប្រជាពលរដ្ឋ​ ដែលមានជីវភាពខ្វះខាត​ទាំង​ ៥១​គ្រួសារនោះ ក្នុង​មួយគ្រួសារ​ៗ​ ទទួល​បានអំណោយជា​គ្រឿងឧបភោគ បរិភោគ នៅពេលនោះ រួមមាន​៖​ អង្ករ​ ១បេ​​ ,មី​ ១កេស​ ,ទឹកត្រី​ ១យួរ​ និងត្រីខ​កំប៉ុង ១យួរ​ ផងដែរ។

ដោយឡែក គ្រួសារសពអតីតយុទ្ធជនកម្ពុជា ចំនួន ២គ្រួសារ ទទួលបានថវិកាបេឡាមរណៈសង្គ្រោះពី សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នូវថវិកាសរុប ៨លានរៀល គឺ ១​-ឈ្មោះ​ ប៉ែន​ ហៃ ភេទប្រុស​ អាយុ​ ៦៩ឆ្នាំ​ ជានិវត្តជន​ រស់នៅភូមិ​ធម្មជាតិ​ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ ទទួលបានថវិកា​ ៤លានរៀ​ល​  និង ២​-ឈ្មោះ សៀង​ សាន​ ភេទប្រុស ​អាយុ ៦១ ឆ្នាំ​ ជានិវត្ដជន​ រស់នៅភូមិ​កន្ទួត​ ឃុំកន្ទួត​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ ទទួលបានថវិកា​ ៤លានរៀល។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា​ បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ,សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះគ្រួសារអតីតយុទ្ធជន គ្រួសារពលី ពិការ និងប្រជាពលរដ្ឋក្រីក្រទាំងអស់ នៅក្នុងពេលនោះផងដែរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា សម្តេចថ្នាក់ដឹកនាំ តែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រោះបងប្អូនអតីតយុទ្ធជន ជនពលី និងជនពិការក្នុងសម័យសង្គ្រាម គឺជាអ្នកដែលមានគុណបំណាច់ ចំពោះជាតិ មាតុភូមិ ដោយបានចូលរួមចំណែកជាមួយ សម្ដេចតេជោ ហ៊ុន សែន  អនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ រហូតមកដល់សព្វថ្ងៃនេះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ  និងត្រូវខិតខំបង្ករបង្កើនផល ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានសម្តែងការសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់បង្គោលគ្រួសារមួយដ៏សំខាន់ និងបានចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសពអតីតយុទ្ធជន និងលោកឧត្តមសេនីយ៍ ក៏បានថ្លែងរំលឹកពីគំរូវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ នាពេលកន្លងមក ផងដែរ៕ដោយ៖ឡុង សំបូរ