អភិបាលខេត្តព្រះវិហារ ជំរុញមន្ទីរជំនាញ ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ឱ្យសហការជិតស្និទ្ធជាមួយអាជ្ញាធរជាតិព្រះវិហារ ដើម្បីពង្រឹងការផ្សព្វផ្សាយព្រឹត្តិការណ៍ទេសចរនានា ឱ្យកាន់តែមានការទាក់ទាញ

0

ខេត្តព្រះវិហារ៖ ក្នុងទិសដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានជំរុញដល់មន្ទីរទេសចរណ៍ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរជាតិព្រះវិហារ និងមន្ទីរអង្គភាព ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើកិច្ចការគ្រប់គ្រងការពារអភិរក្ស និងជំរុញការផ្សព្វផ្សាយ​ បង្កើតឱ្យមានព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យចូលមកទស្សនា កម្សាន្តខេត្តព្រះវិហារ ឱ្យកាន់តែមានចំនួនទ្វេរឡើងថែមទៀត។

ការជំរុញរបស់អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានធ្វើឡើងនៅថ្ងៃទី១៣ តុលា ម្សិលមិញ ក្នុងគ្រាដែលលោក បានអញ្ជើញជួបសំណេះសំណាល បំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនថ្នាក់ដឹកនាំ មន្រ្តី អាជ្ញាធរជាតិព្រះវិហារ ដែលមានការអញ្ជើញចុលរួមពី ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំខេត្ត  មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រី ពលករ អ្នកបើកបរ ភ្នាក់ងារទេសចរណ៍ និងសន្តិសុខអភិរក្ស ដ៏ច្រើនកុះករ នៅក្នុងបរិវេណរមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងកិច្ចសហការល្អ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍នានា និងការទប់ស្កាត់ការជីកកកាយ លួចវត្ថុបុរាណ ការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបំផ្លាញធនធានធម្មជាតិ និងបទល្មើសនានា សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេស គឺការសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ Run with Sai ចំនួន ០២លើក នៅក្នុងឱកាសនៃការអបអរសាទរខួប នៃការចុះប្រាសាទព្រះវិហារ និងប្រសាទកោះកេរក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក និងការរៀបចំការពារសន្តិសុខសុវត្ថិភាពភ្ញៀវទេសចរណ៍ នៅក្នុងឱកាសប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលបានប្រព្រឹត្តិទៅដោយ រលូន និងធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរ៕ដោយ៖ឡុង សំបូរ