អភិបាលខេត្តកំពង់ចាម​ ថ្លែងថា​ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ដែលមានលក្ខណៈអន្តរវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីផ្ទេរមុខងារ និងធនធានទៅឱ្យអាជ្ញាធរមូលដ្ឋាន

0

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ដែលមានលក្ខណៈអន្តរវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីផ្ទេរមុខងារ និងធនធានពី ក្រសួងទៅឱ្យអាជ្ញាធរមូលដ្ឋាន ក្នុងគោលដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍ មូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ប្រកបដោយប្រសិទ្ធភាព។​ ការថ្លែងបែបនេះ​ក្នុងឱកាសបេីកអង្គវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០​ ដែលបានធ្វេីឡេីងនាព្រឹកថ្ងៃទី​៣០​ ខែតុលា​ ឆ្នាំ​២០២៤​ ក្រោមវត្តមាន​ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម​ ។

ក្នុងអង្គវេទិកានេះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ផ្អែកតាមគំនិតផ្តួចផ្តើម និងអនុសាសន៍ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំឯកសារទស្សនទានសម្រាប់ការរៀបចំវេទិការវាង រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

ឯកឧត្តមអភិបាលខេត្ត​ បានបន្តថា​ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានចាប់ផ្តើមអនុវត្តដំបូងតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ ២០០២ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់។ ការធ្វើកំណែទម្រង់នេះ បានផ្តោតលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍រដ្ឋបាលឯកភាព គោលការណ៍ អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​បានសង្កត់ធ្ងន់ថា​ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណង សំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនៅមូលដ្ឋាន។ មូលដ្ឋានគ្រឹះនៃលទ្ធប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋានសំដៅលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋចំគោលដៅ ក្នុងការចូលរួម អភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិត រស់នៅរបស់ប្រជាជនយើង​ផងដែរ​ ៕