ប្រទេសវៀតណាម៖ ក្នុងឱកាសបំពេញបេសកកម្មការទូតសេដ្ឋកិច្ចនៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម បុង សុវត្ថិ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់លោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការទទួលបន្ទុកការទូតសេដ្ឋកិច្ច បានជួបពិភាក្សាការងារជាមួយ លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។
ឯកឧត្តម បានធ្វើការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍគ្រប់វិស័យរបស់ទីក្រុងហូជីមិញ និងបានជម្រាបភាគីវៀតណាមពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការងារការទូតសេដ្ឋកិច្ចដែលជាការងារអាទិភាព។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជំនួបនានារវាងភាគីពាក់ព័ន្ធតាមវិស័យអាទិភាពមួយចំនួន ជាពិសេសរវាងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា និងទីក្រុងហូជីមិញសំដៅជំរុញពាណិជ្ជកម្ម ការទាក់ទាញវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ប្រជាជននិងប្រជាជន និងការលើកកម្ពស់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ។