ដោយ ខេង ឧត្តម
សៀមរាប: ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង វត្តមានលោក លោកស្រីជាអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអន្តរវិស័យចំណុះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត អាជ្ញាធរក្រុងស្រុក និងថ្នាក់ដឹកនាំក្រុមការងារនៃសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត បានរៀបចំពិធីសែនប្រុពាលីបួងសួងសុំសេចក្តីសុខនៅបរិវេណព្រះវិហារព្រះអង្គចេកព្រះអង្គចម និងនៅវេទិកាប្រារព្ឋពិធីមាត់ស្ទឹង ដើម្បី សុំទឹកដីទីកន្លែងនិងសុំសេចក្តីសុខសិរីសួស្តី គ្រប់ប្រការដល់ដំណើរនៃការ រៀបចំព្រះរាជពិធីអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែអកអំបុក និងកម្មវិធីសប្បាយៗជាច្រើនទៀត ដែលមាន រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៤ បូករួមទាំងកម្មវិធីកំសាន្តសប្បាយជាច្រើនទៀតដែលរៀបចំដោយ ស ស យ ក នៅព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៤។
លោក លី វណ្ណៈ នាយករដ្ឋបាលខេត្ត បានឲ្យដឹងថា ដូចបណ្តាឆ្នាំមុនៗដែរ រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងអង្គភាពមន្ទីរនិងវិស័យពាក់ព័ន្ធ តែងតែសហការជិតស្និទ្ឋរៀបចំកម្មវិធីកំសាន្តជាច្រើន ដើម្បី្ញឱ្យព្រះរាជពិធីបុណ្យអុំទូកកាន់តែមានភាពអធិកអធម។សម្រាប់ឆ្នាំនេះ បន្ថែមពីព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងអកអំបុក ខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ កម្មវិធីអុំទូកមានរយៈពេល០២ថ្ងៃ គឺថ្ងៃ១៤-១៥ ។ លោកបន្តថា វេទិកាកំសាន្តល្បែងប្រជាប្រិយដូចជា ប្រដាល់ធ្លាក់ទឹក ប្រណាំងទូកតូច ជិះទូកាគកំសាន្ត កម្មវិធីពិព័ណ៌ម្អូបអាហារ ភូមិមួយផលិតផលមួយរបស់សហគមន៍ លេងល្បែងតន្ត្រី កំសាន្ត ផ្សេងៗជាច្រើនអមទៅដោយ ការតុបតែងលំអរដោយភ្លើងចំរុះពណ៌នៅតាមដងស្ទឹង និងតាមផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ជាដើម ក្នុងគោលបំណងដើម្បីចូលរួម ថែរក្សាវប្បធម៌ដូនតារបស់យើង ឱ្យបានគង់វង្សស្ថិតស្ថេរនិងដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលមកទស្សនាខេត្តសៀមរាបកាន់តែច្រើនថែមទៀតដោយឡែកកម្មវិធីរបស់ខេត្តមានការប្រណាំងទូកចំណុះ២៥នាក់និងអកអំបុក សំពះព្រះខែ មានការបាញ់កាំជ្រួចបីពេល ផងដែរ។ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរពីគ្រប់ទិសទីដែលមានបំណងមកកំសាន្តសប្បាយក្នុងឱកាសអុំទូកនៅខេត្តសៀមរាបនេះ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យដំណើរការនៃកម្មវិធីទាំងអស់ប្រព្រឹត្តទៅដោយរលូនក្រោមបរិយាកាសសប្បាយរីករាយទាំងអស់គ្នា៕