យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ត្រូវបានធ្វើឡើងនៅស្រុកគូលែន ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ យោងតាមប្រវត្តិយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី​ និងក្មេងស្រី​ បានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ១៩៩១ ដោយក្រុមបុរសជនជាតិកាណាដាមួយក្រុម ក្រោយមកយុទ្ធនាការនេះត្រូវបានរៀបចំធ្វើឡើងគ្រប់ទីកន្លែងនៅលើពិភពលោក រហូតបានក្លាយជាទិវាអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិកំណត់ជាផ្លូវការ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយបានប្រកាសទទួលស្គាល់ថា ជាទិវាជាតិលុបបំបាត់អំពើហឹង្សាលើស្ត្រី តាមរយៈមហាសន្និបាទលើកទី៨៣ របស់អង្គការសហប្រជាជាតិ ហើយបើគិតមកដល់ពេលបច្ចុប្បន្ន យុទ្ធនាការនេះមានរយៈពេល ៣៣ឆ្នាំហើយ។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ផន កែវផុន អនុប្រធានមន្ទីរកិច្ចការនារីខេត្តព្រះវិហារ ។

លោកស្រី ផន កែវផុន បានបន្តថា នៅថ្ងៃទី២៧វិច្ឆិកានេះ យុទ្ធនាការ១៦ថ្ងៃ​ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី​ និងក្មេងស្រី​ ឆ្នាំ២០២៤ បានធ្វើឡើងក្រោមប្រធានបទ “រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក” ដែលបានរៀបចំឡើងដោយមន្ទីរកិច្ចការនារីខេត្ត សហការជាមួយអង្គការ UNFPA អង្គការអាត្រា ATRA កម្ពុជា និងអាជ្ញាធរស្រុកគូលែន នៅក្នុងបរិវេណវិទ្យាល័យគូលែន​ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ ។

អភិបាលរងស្រុកគូលែន លោកស្រី យឹម វណ្ណា បានថ្លែងថា យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី គឺជាសកម្មភាព និងជាវេទិកាដ៏មានប្រសិទ្ធភាពមួយក្នុងការចូលរួមផ្សព្វផ្សាយ ទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី ដែលកើតមានឡើងក្នុងស្ថានភាពជាក់ស្តែង តាមរយៈការផ្តល់សារគន្លឹះដល់សាធារណជន និងសហគមន៍ ដើម្បីឱ្យប្រជាពលរដ្ឋមានការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានទៅលើស្ត្រី និងក្មេងស្រី។

សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ លោកស្រី ខូយ ប៊ុនថាន បានថ្លែងថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងសំខាន់ គឺបង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ ក្នុងការចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហឹង្សា ពាក់ព័ន្ធនឹងយេនឌ័រពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងសាសនា សិល្បៈ វិស័យឯកជន លើកកម្ពស់ឥរិយាបថវិជ្ជមានរបស់សាធារណជន និងអ្នកផ្តល់សេវាចំពោះជនរងគ្រោះ ជនងាយរងគ្រោះដោយអំពើហឹង្សាទាក់ទងនឹងយេនឌ័រ គៀរគរការគាំទ្រទាំងបច្ចេកទេស និងថវិកាពីក្រសួង ស្ថាប័ន អង្គការដៃគូ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីរួមគ្នាពន្លឿនការអនុវត្តសកម្មភាព និងអនុវត្តច្បាប់ជាតិ អន្តរជាតិ ព្រមទាំងផែនការសកម្មភាពជាតិ ដើម្បីបញ្ចប់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី ។

លោកស្រី បានបន្តថា ក្រសួងកិច្ចការនារី បានធ្វើកិច្ចការងារនេះជាមួយក្រសួង ស្ថាប័នថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិនានា ដោយបានរៀបចំយុទ្ធនាការ ១៦ថ្ងៃនេះឡើងជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដែលបានបញ្ជាក់អំពីការលើកកម្ពស់ ការឆ្លើយតបប្រកបដោយបរិយាបន្ន និងសមធម៌ដល់ស្ត្រី និងក្មេងស្រី ដែលស្ថិតនៅក្នុងក្រុមជនងាយរងគ្រោះនៅក្នុងសង្គម៕ ដោយ៖ឡុង សំបូរ