ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដឹកនាំកម្លាំងចម្រុះត្រួតពិនិត្យស្ថានភាពភូមិសាស្ត្រនៅតំបន់៣ ជាប់ព្រំប្រទល់ស្រុកតាំងគោក ខេត្តកំពង់​ធំ​ និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

0

ខេត្តកំពង់់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ រួមជាមួយអាជ្ញាធរដែនដី មន្ត្រីសមត្ថកិច្ចជំនាញ ទៅត្រួតពិនិត្យភូមិសាស្ត្រនៅតំបន់៣ ក្នុងភូមិសាស្ត្រឃុំស្រឡៅ ស្រុកតាគោក ជាប់ព្រំប្រទល់ស្រុកកំពង់លែង កំពង់ឆ្នាំង នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

លោក ម៉ម ទីន អភិបាលរងស្រុក និងជាប្រធានគណៈបញ្ជាការស្រាលប្រចាំការនៅតំបន់កោះរះ បានរាយការណ៍ថា កន្លងមកនេះនៅតំបន់អូសទូក ស្ថិតនៅក្នុងភូមិសាស្ត្រឃុំស្រឡៅ ស្រុកតាំងគោកជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង  យើងបានដកហូតយកមកវិញនូវដីព្រៃលិចទឹកដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់ពីសំណាក់ជនខិលខូចមានទំហំផ្ទៃដីជាង​ ១១​ ហិកតា ដែលបច្ចុប្បន្ននេះកម្លាំងចម្រុះនៅទីបញ្ជាការស្រាលតំបន់កោះរះ កំពុងគ្រប់គ្រង មិនឱ្យមានការបាត់បង់ទៅវិញបានជាដាច់ខាត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនៅក្នុងឱកាសចុះត្រួតពិនិត្យភូមិសាស្ត្រលើផ្ទៃទឹក នៅក្នុងតំបន់ព្រៃលិចទឹក ស្ថិតនៅក្នុងភូមិសាស្ត្រតំបន់៣  របស់ឃុំស្រឡៅ ស្រុកតាំងគោក បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលតំបន់កោះរះ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការគ្រប់គ្រងផ្ទៃដីក្នុងតំបន់៣ និងការគ្រប់គ្រងព្រៃលិចទឹក ដោយមិនឱ្យមានការកាប់ទន្ទ្រានថ្មី នាពេលកន្តងទៅបានល្អប្រសើរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តសកម្មភាពល្បាតត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំ  ពិសេសនៅក្នុងពេលទឹកគោករាក់ ស្ថិតក្នុងរដូវប្រាំងឆ្នាំ ២០២៤_២០២៥ នេះ មិនឱ្យមានជាដាច់ខាតនូវការកាប់ទន្ទ្រានដីព្រៃលិចទឹកយកដីធ្វើស្រែ ជាកម្មសិទ្ធិ កើតឡើងជាថ្មីទៀត បានជាដាច់ខាត ។ ក្នុងករណីមានការបំពានរឹងរូស ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ តាមផ្លូវច្បាប់ ជាធរមាន ដោយគ្មានការលើកលែងឡើយ។

លោក ម៉ម ទីន ក្នុងនាមប្រធានគណ:បញ្ជាការប្រចាំតំបន់កោះរះ បានប្ដេជ្ញាចិត្តដាច់ខាតគោរពតាមបទបញ្ជារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបទបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ៕អត្ថបទ វហាស៍