ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពលោកពលបាលឯក សោម សាត អតីតយុទ្ធជន នៅអង្គភាពយោធាខេត្តកំពង់ធំ ។ លោកបានទទួលមរណៈភាពកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញនេះ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្រុងស្ទឹងសែន និងអាជ្ញាធរដែនដី បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ និងបានគោរពបួងសួងដល់វិញ្ញាណក្ខន្ធលោកពលបាលឯក សោម សាត សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងបានជូនពរដល់ក្រុមគ្រួសារសព សូមមានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ។
នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២ កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន២យួរ ផងដែរ ។
ក្រុមគ្រួសារសពអតីតយុទ្ធជន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់បម្រើបងប្អូនអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ ដោយអស់ពីចិត្តពីថ្លើម និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងឯកឧត្តម អស់លោកទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕