ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿន ក្រើនរំលឹក និងជំរុញដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហាររបស់ លោកនាយឧត្តមសេនីយ៍ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ក្នុងពេលដែលលោកនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
ក្នុងពិធីបិទសន្និបាតនោះ ក៏មានការអញ្ជើញជាអធិបតីភាពពី អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី និងក៏មានការអញ្ជើញចូលរួមពីស្ថាប័នតុលាការខេត្ត អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរង នៃកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ជិត៣០០នាក់ ផងដែរ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានសម្តែងការកោតសរសើរ ចំពោះលទ្ធផលការងារ និងវឌ្ឍនភាពរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លើកិច្ចប្រតិបត្តិការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការទប់ស្កាត់ការបង្ក្រាបបទល្មើសនានា ក្នុងភូមិសាស្ត្រខេត្ត ក្នុងឆ្នាំ២០២៤ ដែលសម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។
លោកអភិបាលខេត្តព្រះវិហារ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងកម្លាំងជំនាញទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត លើការទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ ជាពិសេសបទល្មើសនេសាទ និងបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្ត និងបន្តរក្សាសាមគ្គីផ្ទៃក្នុង បង្កើនកិច្ចសហការ ប្រតិបត្តិការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា ផងដែរ។
អគ្គស្នងការរងនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងសមិទ្ធផលជាច្រើនដែលស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សម្រេចបានគួរជាទីមោទនៈ និងបានឆ្លើយតបទៅនឹងសភាពការណ៍ដែលបានកើតឡើងនាពេលកន្លងមក បានយ៉ាងល្អប្រសើរ និងទាន់ពេលវេលា។
លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានជំរុញឱ្យស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បន្តពង្រឹងលើការងារសន្តិសុខ បទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ការជួញដូរមនុស្ស ក្មេងទំនើង ល្បែងស៊ីសង ការងារសណ្តាប់ធ្នាប់ ការងារគ្រប់គ្រងជនអន្តោប្រវេសន៍ និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យបានកាន់តែល្អប្រសើរថែម ត្រូវពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់លើការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍន៍នៅមូលដ្ឋានខេត្តព្រះវិហារ ជាពិសេសការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សំដៅរក្សាបានសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅទូទាំងខេត្ត និងតាមបណ្តោយព្រំដែន មានសភាពស្ងប់ស្ងាត់ល្អប្រសើរ។
នៅក្នុងឱការនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានប្រគល់លិខិតសរសើរ និងថវិកាជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ព្រមទាំងប្រគល់ម៉ូតូចំនួន ១០គ្រឿង ដែលជាអំណោយដ៏ថ្លាំថ្លារបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ផងដែរ៕ដោយ៖ឡុង សំបូរ