រដ្ឋមន្ត្រីទេសចរណ៍ជំរុញឲ្យគ្រប់ភាគីចូលរួមយុទ្ធនាការ “ទេសចរម្នាក់ដាំដើមឈើមួយដើម”

0

ខេត្តកំពត: រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រជាពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ ថ្នាក់ដឹកនាំ អង្គការ និងអ្នកជំនាញពាក់ព័ន្ធ សូមចូលរួមយុទ្ធនាការ  “ទេសចរម្នាក់ដាំដើមឈើមួយដើម”  និង យុទ្ធនាការ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរ ណ៍ និងមនុស្សម្នាក់ៗជាភ្ញាក់ងារផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”។

ថ្លែងក្នុងពិធីដាំដើមឈើអនុវស្សាវរីយ៍ជាងមួយដើម នៅតាមអមតាមដងផ្លូវ ខាងក្រោយកំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កម្មវិធីដាំដើមឈើនៅព្រឹកនេះ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍន៍ទេសចរណ៍បៃតងនៅកម្ពុជា តាមរយៈការជំរុញសកម្មភាពដាំដើមឈើ ឲ្យក្លាយជាផលិតផលទេសចរណ៍ថ្មីមួយបន្ថែមទៀត ប្រកបដោយភាពទាក់ទាញ។

ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពត បានមានប្រសាសន៍ដែរថា ការដាំដើមឈើនាពេលនេះ ដើម្បីអបអរសាទរពីធីបុណ្យសមុទ្រលើកទី១១ ជុំទី៣នៅខេត្តកំពត  និងដើម្បីលម្អផ្លូវដ៏សំខាន់មួយខ្សែ តភ្ជាប់ផ្លូវពីសាលាខេត្ត រហូតទៅដល់ឆ្នេរសមុទ្រថ្មី  ដែលរដ្ឋបាលខេត្តបាននឹងកំពុងរៀបចំស្ថាបនាសាងសង់។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១២ ខែធ្នូនេះ ការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិវគ្គផ្តាច់ព្រាត់ នឹងធ្វើឡើងនៅបរិវេណទីលានកីឡាដ្ឋានលើទឹក ដែលការប្រណាំងទូកក្នុងរយៈចម្ងាយ១គីឡូម៉ែត្រ ដោយចេញដំណើរពីគល់ស្ពាន់ចាស់(ឥន្ទធនូ) មកដល់វេទិការកិត្តិសយនៅទីលានកីឡាដ្ឋានលើទឹក ខណៈដែលកម្មវិធីបើកជាផ្លូវការពិធីបុណ្យសមុទ្រនឹងធ្វើឡើងនៅថ្ងៃស្អែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕ សេង ណារិទ្ធ