រដ្ឋមន្ត្រីទេសចរណ៍ថានឹងធ្វើឲ្យបរទេសចងចាំ និងមកលេងកម្ពុជាយ៉ាងហោច១ជីវិតបានម្តង 

0

ខេត្តកំពត: រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា កំណើនភ្ញៀវបរទេសឆ្នាំ២០២៤ គឺស្នើនឹងឆ្នាំ ២០១៩  (៦លាន ៦សែននាក់)  ប៉ុន្តែក្រសួងមិនទាន់សប្បាយចិត្តទេ ព្រោះក្រសួងមានមហិច្ឆតាចង់អភិវឌ្ឍន៍វិស័យទេសចរណ៍ ជាទេសចរណ៍ឌីជីថល មានលក្ខណៈឆ្លាតវៃ  ក្នុងគោលបំណង់ធ្វើឲ្យបរទេស បានឃើញ បានលឺ បានស្គាល់ បានមកលេង ហើយចង់ចាំកម្ពុជា និងជួយផ្សព្វផ្សាយបន្ត  ពោលធ្វើឲ្យបរទេសគិតថា មួយជីវិតយ៉ាងហោចបានមកលេងកម្ពុជាម្តង។

ថ្លែងក្នុងអង្គសិក្ខាសាលាស្ដីពី ការជំរុញវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ អបអរសាទរពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលធ្វើឡើងនៅសាលប្រជុំខេត្តកំពតនាថ្ងៃទី១២ ខែធ្នូ  ឯកឧត្តម ហួត ហាក់  រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា កម្ពុជាសំបូរដោយធនធានធម្មជាតិ សម្បត្តិវប្បធម៌ អរិយធម៌  ពិសេសជាងគេ នៅក្នុងតំបន់ និងទូទាំងពិភពលោក។  ហើយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តគោលនយោបាយបញ្ចកោណដំណាក់កាលទី១  បានជំរុញនិងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយក្នុងនោះក្រសួងមានមហិច្ឆតា ចង់អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍ឌីជីថល មានភាពវៃឆ្លាត ដើម្បីស្រូបទាញភ្ញៀវបរទេស។ ក្នុងនោះក្រសួងបានដាក់ចេញនូវ យុទ្ធនាការជាច្រើន ដើម្បីផ្សព្វផ្សាយ ឲ្យគេឃើញ គេស្គាល់ គេមកលេង គេចងចាំ និងជួយផ្សព្វផ្សាយបន្ត ពោលធ្វើយ៉ាងណាឱ្យទេសចរបរទេស គិតថាមួយជីវិតយ៉ាងហោចបានមកលេងកម្ពុជាម្ដង។

ឯកឧត្តម ម៉ៅ ធនិន  អភិបាលខេត្តកំពត បានអោយដឹងថា រយៈពេល ១១ ខែ ឆ្នាំ២០២៤ ទេសចរ ២លាន ៥សែននាក់បានមកសម្រាកលំហែនៅខេត្តកំពត។ ហើយរដ្ឋបាលខេត្តបាននិងកំពុងរៀបចំអភិវឌ្ឍន៍គម្រោងជាច្រើនទៀយ ដើម្បីបន្តរុញច្រានកំណើនភ្ញៀវ ពិសេសដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕ សេង ណារិទ្ធ