ខេត្តព្រះវិហារ៖ សហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ធឿន ក្រសាំង គឺជាសហគមន៍មួយ ដែលសំបូរបែបទៅដោយធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងជីវចម្រុះ ជាពិសេសសត្វត្រយងយក្សដែលជិតផុតពូជ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានស្ដារ និងកែលម្អផ្ទះសំណាក់នេះឡើងវិញ ក្រោមគំនិតផ្ដួចផ្ដើមរបស់អាជ្ញាធរខេត្តព្រះវិហារ និងដោយមានការជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស និងថវិការបស់ក្រុមហ៊ុន សំវាសនា ខន់សឺវេនសិនស្ដេយ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និង លោក Robb Menzi នាយកប្រតិបត្តិស្តីទីនៃអង្គការ WCS ប្រចាំកម្ពុជា ។
ការកែលម្អសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ មានដូចជា ផ្ទះស្នាក់សហគមន៍មានទទឹងប្រវែង ០៨ម៉ែត្រ និងបណ្តោយប្រវែង ៨,៨ ម៉ែត្រ ចំនួន៦ខ្នង ព្រមទាំងអគារសម្រាប់ទទួលភ្ញៀវ និងកន្លែងទទួលទានអាហារទទឹងប្រវែង ១០ម៉ែត្រ និងបណ្តោយប្រវែង ២០ម៉ែត្រ ចំនួន១ខ្នង។ សហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាយកប្រតិបត្តិស្តីទីនៃអង្គការ WCS ប្រចាំកម្ពុជា លោក Robb Menzi បានថ្លែងថា នៅក្នុងរយៈពេល២៥ឆ្នាំ វត្តមានរបស់អង្គការ WCS នៅក្នុងប្រទេសកម្ពុជា បានក្លាយជាប្រទេសឈានមុខគេ ដែលមានបុគ្គលិករហូតដល់ ២៥០នាក់ ដែលធ្វើការលើការងារអភិរក្សធនធានធម្មជាតិ ជាពិសេស គឺការសិក្សាស្រាវជ្រាវអភិរក្សសត្វត្រយងយក្ស នៅក្នុងខេត្តព្រះវិហារ ដែលជាសត្វតំណាងឱ្យប្រទេសកម្ពុជា។
លោក Robb Menzi បានបញ្ជាក់ថា ការបើកដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្ទះសំណាក់«ត្មាតប៉ើយ»នៅសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំងនេះ មិនត្រឹមតែជាទីតាំង សម្រាប់អ្នកទេសចរណ៍មកស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីតាំងសម្រាប់ភ្ញៀវទេសចរណ៍ មកលេងប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ បានចូលមកទស្សនាកេរដំណែលធម្មជាតិដ៏សម្បូរបែបនៅក្នុងតំបន់មួយនេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងធម្មជាតិជាមួយអ្នកទេសចរណ៍ ផងដែរ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការសហគមន៍ អង្គការអភិរក្សសត្វព្រៃ WCS ក្រុមហ៊ុន សំវាសនា ខន់សឺវេសិនស្ដេយ អង្គការដៃគូ និងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំងនេះ សម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេស គឺការស្តារ និងកែលម្អផ្ទះសំណាក់របស់សហគមន៍ “ត្មាតប៉ើយ” ដែលជាគំរូអគារស្នាក់នៅ សម្រាប់ភ្ញៀវទេសចរធម្មជាតិក្នុងស្រុក និងបរទេស ក្រោមការចាត់ចែង និងគ្រប់គ្រងដោយផ្ទាល់របស់ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំង។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ បន្តគាំទ្រ និងបំពេញការងារ ជាមួយសហគមន៍តំបន់ការពារធម្មជាតិ នៅកម្ពុជាបន្តទៀត ដើម្បីអប់រំបរិស្ថាន ធម្មជាតិ ដល់ក្មេងជំនាន់ក្រោយ និងកិច្ចគាំពារបរិស្ថាន ការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ និងជួយបង្កើតទេសចរណ៍ធម្មជាតិ ជូនសហគមន៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនក្នុងមូលដ្ឋាន ផ្សារភ្ជាប់នឹងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីការការពារធនធានធម្មជាតិ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការជម្រុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតងស្អាត និងវៃឆ្លាត ជម្រុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ ទេសចរណ៍ធុរកិច្ច និងការរៀបចំដាក់ចេញគោលនយោបាយ និងផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យទេចរណ៍នានា គឺជាការចាំបាច់ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់៕ដោយ៖ឡុង សំបូរ