អភិបាលខេត្តកំពង់ចាម​ បានជំរុញឱ្យពង្រឹង​ និងពង្រីកផលិតភាពកសិកម្មទាំងបរិមាណ និងគុណភាព

0

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់​ ត្រូវពង្រឹង និងពង្រីកផលិតភាពកសិកម្មទាំងបរិមាណ និងគុណភាព ដោយយកចិត្តទុកដាក់លើការស្តារ ការកសាង ការជួសជុល ការថែទាំ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រខ្នាតតូច គមនាគមន៍គ្រប់ប្រភេទ។​ ការថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ២០២៥-២០២៩ និងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្តកំពង់ច​ាម​ នារសៀលថ្ងៃទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២៤​ នៅមន្ទីរផែនការខេត្តកំពង់ចាម​ ។

ក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់​ ត្រូវលើកកម្ពស់ការអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ សោភណភាពទីក្រុង និងជនបទ​ ព្រមទាំងជំរុញការអភិវឌ្ឍ លើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជន និងពង្រីកតំបន់សេដ្ឋកិច្ចពិសេសតាមដងទន្លេមេគង្គ ការធ្វើធុរកិច្ច ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល​ ពោលគឺត្រូវពង្រឹង និងពង្រីកគុណភាពនៃការអប់រំចំណេះដឹងទូទៅ និងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ។

ឯកឧត្តមអភិបាលខេត្ត​ បានណែនាំឱ្យបន្តអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ការលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត (ការថែទាំ សុខភាពបឋម) អនាម័យជនបទ ការទទួលបានសេវាសុខាភិបាល និងការធានារ៉ាប់រងផ្នែកសុខភាពតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម។​ ព្រមទាំងលើកកម្ពស់ការគ្រប់គ្រង និងថែទាំធនធានធម្មជាតិ និងការបន្សំនឹង ការប្រែប្រួលអាកាសធាតុ ហើយនឹងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បានណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់​ ត្រូវពង្រឹងការអនុវត្តគោលការណ៍អភិបាលកិច្ចល្អ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរក្សាសុវត្ថិភាពប្រជាពលរដ្ឋ​ ជាពិសេសត្រូវផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព តម្លាភាព និងសមធម៌​ផងដែរ​ ៕