ខេត្តស្ទឹងត្រែង៖ កាមេរ៉ាដែលមន្ត្រីជំនាញបង្កប់ចាំថត នៅតាមដងទន្លេមេគង្គ ជាពិសេសនៅតំបន់អភិរក្សត្រីមេពូជ ដើម្បីឃ្លាំមើលគ្រប់សកម្មភាព នៃការប្រព្រឹត្តបទល្មើសនេសាទ គាប់ជួននៅថ្ងៃទី១៦ធ្នូ២០២៤ កន្លងមកថ្មីៗនេះ ជនសង្ស័យពីរនាក់ ត្រូវបានថតជាប់ដោយកាមេរ៉ា ក្នុងគោលដៅអភិរក្ស នៅលើផ្ទៃទឹកនៃទន្លេមេគង្គ នៅចំណុចកោះហាន ស្ថិតក្នុងភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ក្រោយពីពិនិត្យឃើញសកម្មភាពប្រព្រឹត្តបទល្មើសនេសាទនោះភ្លាម លោក ភោគ និមល់ អនុប្រធានការិយាល័យរ៉ាមសារ បានដឹកនាំកម្លាំងឧទ្យានុរក្ស សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះស្នែង សហគមន៍ភូមិថ្មី សហគមន៍កោះហិប និងសហគមន៍កោះព្នៅ ចុះទៅកាន់កោះហាន ដែលជាទីតាំងជនសង្ស័យប្រព្រឹត្តបទល្មើសនេសាទ ។
ស្របពេលជាមួយគ្នានោះ ក្រុមការងារបានរកឃើញ និងដកហូតបានវត្ថុតាងរបស់ជនសង្ស័យ មានដូចជា ទូកស្មាច់ក្បាលស្រួច ពណ៌ខៀវ ២កន្លាក់ ១គ្រឿង ទូកឈើ (ស៊ីខេ) ១គ្រឿង ម៉ាស៊ីនម៉ាក MOTOYAMA កំលាំង ២២សេស ពណ៌ខ្មៅ ១គ្រឿង ម៉ាស៊ីនម៉ាក ហ៊ីណូតា កំលាំង ២៥សេស ១គ្រឿង អាគុយ ៧០អំពែរ ៣គ្រឿង ក្បាលឆក់ស៊េរីទំនើប ២គ្រឿង ក្បាលឆក់ក្តៅ ១គ្រឿង និងកន្ត្រងដងត្រីចំនួន ០៥ ផងដែរ ។
ដោយឡែក ជនសង្ស័យទាំងពីរនាក់ ក្នុងសកម្មភាពប្រព្រឹត្តបទល្មើសនេសាទ ដែលថតបានដោយកាមេរ៉ា ក្រោយពីក្រុមការងារបានបើកទូកប្រដេញតាម យ៉ាងប្រកៀកប្រកិតនោះមក ជនសង្ស័យបានបើកទូកបុកច្រាំងទុកចោល ដោយបន្សល់ទុកឧបករណ៍នេសាទល្មើសច្បាប់ខាងលើ ហើយបាននាំគ្នារត់គេចខ្លួន តែកម្លាំងសមត្ថកិច្ច បាននិងកំពុងបន្តបើកការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យតាមរូបភាព ដែលថតបានដោយកាមេរ៉ា ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន៕ដោយ៖ ឡុង សំបូរ