ខេត្តកំពត: អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានលើកឡើងថា ការងារគ្រប់គ្រងជនបរទេស និការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍បានល្អ អាចជួយទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស ប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងការជួញដូរគ្រឿងញៀន ពិសេសជួយការពារដល់សន្តិសុខជាតិ ចៀសផុតពីចលនាបដិវត្តព័ណ៌។ ថ្នាក់ដឹកនាំស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចជំនាញ និងអ្នកពាក់ព័ន្ធសូមចូលរួមសហការគ្នាអនុវត្តឲ្យបានល្អ។
ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារ និងផ្សព្វផ្សាយផែនការត្រួតពិនិត្យវត្តមាន ស្នាក់នៅរបស់ជនបរទេសក្នុងខេត្តកំពត ដែលបានធ្វើឡើងនៅសាលាប្រជុំសាលាខេត្ត នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារគ្រប់គ្រង និងអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងការជួញដូរគ្រឿងញៀន ចៀសផុតពីចលនាធ្វើបដិវត្តព័ណ៌ផ្សេងៗ ដែលបំផ្លាញដល់សន្តិសុខជាតិ សន្តិភាព និងការអភិវឌ្ឍន៍កម្ពុជា។ ការពង្រឹងច្បាប់អន្តោប្រវេសន៍ដើម្បីធានាដល់ការគ្រប់គ្រង ការចេញចូល ស្នាក់នៅរបស់ជនបរទេស និងធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ ក៏ដូចជាទប់ស្កាត់មិនឲ្យជនបរទេសមកស្នាក់នៅខុសច្បាប់ នៅប្រទេសកម្ពុជា។
ឯកឧត្តម ខៀវរិទ្ធិភ័ណ្ឌ អភិបាលរងខេត្តបានបញ្ជាក់ថា ទោះបីជាជនបរទេសស្នាក់នៅខេត្តកំពតមានចំនួនតិចតួចនៅឡើយក៏ដោយ ប៉ុន្តែឯកឧត្តមស្នើដល់សមត្ថកិច្ច អាជ្ញាធរ ម្ចាស់សហគ្រាស ក្រុមហ៊ុន ផ្ទះសំណាក់ អាជីវកម្មផ្សេងៗ ចូលរួមផ្សព្វផ្សាយច្បាប់ស្តីអំពីអន្តោប្រវេសន៍ និងចូលរួមសហការអនុវត្ត ឲ្យបានល្អ និងផុលផុស។
លោក សែម សោភ័ណ ស្នងការរងខេត្តកំពត បានបញ្ជាក់ថាសម្រាប់ឆ្នាំ២០២៤ ខេត្តកំពតមានជនអន្តោប្រវេសន្ត ចំនួន១០៩ លើ១៥០នាក់។ មនុស្សរស់មានចំនួន ១៦៣នាក់ (ស្រី៧១នាក់) បាត់មុខចំនួន៥២នាក់ (ស្រី២៧នាក់ ) ស្លាប់៨នាក់ (ស្រី៣នាក់) ក្នុងនោះអាយុ១៨ឆ្នាំឡើងមានចំនួន១៤៨នាក់ (ស្រី៦២នាក់) អាយុក្រោម១៨ឆ្នាំ ចំនួន១៥នាក់ (ស្រី៩នាក់)៕ សេង ណារិទ្ធ