(កំពង់ធំ)÷ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ ស្រុកស្ទោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមថោ ជេដ្ឋា មន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាជ័យជំនះ៧មករា លើកទី៤៦ នៅឃុំចំណាលើ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។
ថ្លែងងទៅកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននាឱកាសនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ទិវាជ័យជំនះ ៧មករា ពិតជាមានគុណតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋនិងកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យបានរស់រាននិងរឹងមាំឡើងវិញក្រោមការតស៊ូនិងលះបង់នូវសាច់ស្រស់ឈាមស្រស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។
ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តនិងជំរុញដោយទទូច ដល់អាណាព្យាបាលគ្រប់មូលដ្ឋាន ត្រូវជំរុញកូនចៅឱ្យរៀនសូត្របានគ្រប់គ្នា បានខ្ពង់ខ្ពស់ដែលជាការរួមចំណែកក្នុងការកសាងមូលធនមនុស្សនិងជំនាញបច្ចេកទេស ដែលយុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិច ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយយុវជន និងសិស្សានុសិស្សត្រូវនៅឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍បានខ្ជាប់ខ្ជួននិងជៀសផុតពីក្មេងទំនើង។
លើសពីនេះឯកឧត្តម បានណែនាំដល់អាជ្ញាធរឃុំចំណាលើ ត្រូវ អនុវត្តតួនាទីភារកិច្ចនិងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវឱ្យបានឆាប់រហ័ស ហើយត្រូវចុះជួបជួយផ្ទាល់ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនិងសិក្សាស្វែងយល់ដល់គ្រប់ខ្នងផ្ទះដើម្បីទទួលបាននូវព័ត៌មាន តម្រូវការ អាទិភាពជាក់ស្ដែងបំផុត ជាពិសេសបញ្ហាបន្ទាន់នានាដែល ប្រជាពលរដ្ឋកំពុងដង្ហើយហៅ ត្រូវតែជួយសម្របសម្រួលដោះស្រាយជូនគាត់ឲ្យបានបន្ទាន់នឹងប្រសិទ្ធភាពបំផុត ហើយបើអាជ្ញាធរមូលដ្ឋានភូមិឃុំពុំអាចដោះស្រាយបានត្រូវធ្វើរបាយការណ៍ជូនមកថ្នាក់ដឹកនាំស្រុកឬក្រុមការងារ ដើម្បីបានជួយសម្របសម្រួលនិងដោះស្រាយឲ្យបានទាន់ពេលវេលា និងមានជំនឿទុកចិត្តពីប្រជាពលរដ្ឋអស់ពីរបេះដូង។
សូមបញ្ជាក់ថាក្នុងកម្មវិធីដ៏មហោឡារិកនេះមានភ្ញៀវបានចូលរួមប្រមាណជាង ១,៥០០នាក់ ហើយគណៈអធិបតីបានប្រគេននូវទេយ្យទានព្រមទាំងបច្ច័យ ១,៥០០,០០០៛ ជូនដល់វត្តទាំង ៦នៅក្នុងឃុំចំណាលើ និងបានចែកនូវអង្ករ និងថវិកាមួយចំនួនដល់អ្នកចូលរួមហើយបានឧបត្ថម្ភដល់កងកម្លាំងទាំងបី គណបក្សឃុំ អាជ្ញាធរស្រុក ព្រមទាំងគណបក្សស្រុកនូវថវិកាមួយចំនួនធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម៕ អត្ថបទវេហាស៍