ការកសាងហេដ្ឋារចនាសម្ព័ន្ធ បោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សម្រេចបានលើផ្ទៃដីជាង ២សែន ៣ម៉ឺន ម៉ែត្រការ៉េហើយ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី

0

ខេត្តរតនគិរី៖ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ត្រូវគេដឹងថា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សម្រេចបានលើផ្ទៃដី ២សែន ៣ម៉ឺន ៧ពាន់ ៥០០ ម៉ែត្រការ៉េ ជាលទ្ធផលកងកម្លាំងវិស្វកម្មកម្ពុជា ​បានរាវរកឃើញគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ និងនៅចំពោះមុខ កម្លាំងជំនាញបាន និងកំពុងរាវរកគ្រាប់មិនទាន់ផ្ទុះតាមគោលដៅរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការកសាងផ្លូវក្រវាត់ព្រំដែន ប្រកបដោយភាពងាយស្រួល និងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី នាគ្រាបច្ចុប្បន្ន កម្លាំងកងវិស្វកម្មកម្ពុជា កំពុងដំណើរការស្ថាបនាផ្លូវក្រវាត់ព្រំដែន ដែលនេះ គឺជាដំណាក់កាលទី២ហើយ ក្នុងការបន្តការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដើម្បីឈានទៅរកការសម្រេចបានបន្ទាត់ព្រំដែនគោកជាក់លាក់ រវាងខេត្តរតនគិរី ភាគឦសាន នៃប្រទេសកម្ពុជា។ រីឯការសាងសង់ផ្លូវក្រវាត់ព្រំដែននេះ ក៏ដើម្បីបម្រើដល់ការអភិវឌ្ឍនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ឱ្យប្រែក្លាយទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ។

អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹង នៅពេលថ្មីៗកន្លងមកនេះថា ថវិកាមូលនិធិខ្សែក្រវាត់ព្រំដែននេះ ជាកញ្ចប់គម្រោងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានមកពីការចូលរួមចំណែកពីប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស ដើម្បីរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ របស់ប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្តមបានបន្តថា ផ្លូវក្រវាត់ព្រំដែន មានរយៈចម្ងាយជាង ១០០គីឡូម៉ែត្រ ចាប់រាប់ពីបង្គោលលេខ ០០ មុំ៣  នៅតំបន់កន្ទុយនាគផ្នែកខាងលើ ជាប់ព្រំដែនកម្ពុជា-ឡាវ ចាប់មកដល់បង្គោលលេខ ៣០ ជាផ្នែកទី១។ ចំណែក ផ្នែកទី២ ព្រំប្រទល់រវាង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងផ្នែកទី៣ ជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ហើយកម្លាំងកងវិស្វកម្មកម្ពុជា កំពុងប្រឹងប្រែងធ្វើផ្លូវក្រវាត់ព្រំដែននេះយ៉ាងសស្រាក់សស្រាំ ។

ឯកឧត្តមអភិបាលខេត្តរតនគិរី បានបន្តឱ្យដឹងទៀតថា កាលពីមុនកូវីដ១៩ កងវិស្វកម្ម បានស្ថាបនាផ្លូវក្រវាត់ព្រំដែននេះម្តងរួចមកហើយ ចាប់ពីបង្គោលលេខ៣០ នៅត្រង់ច្រកទ្វាព្រំដែន ស្រុកអូរយ៉ាដាវ សំដៅទៅទិសខាងជើងមុំ៣ កាលណោះធ្វើបាន៨០គីឡូម៉ែត្រ ប៉ុន្តែ បានផ្អាករយៈពេល ៤ឆ្នាំ គិតមកដល់ពេលនេះ។

ឯកឧត្តមបានបញ្ជាក់ថា រីឯ ព្រៃឈើក៏ដុះឡើងវិញ ហើយផ្លូវលំដែលបានធ្វើរួចរាល់ ត្រូវបានខូចខាតដោយភ្លៀងនៅរដូវវស្សា សណ្ឋានភាពផ្លូវឥឡូវនេះ មិនអាចធ្វើដំណើរបានទេ។ ហើយកងវិស្វកម្មកម្ម កំពុងជួសជុលផ្លូវជង្ហុក ផ្លូវបាក់ស្រុតដោយសារទឹកភ្លៀងហូរដាច់។ ដោយឡែក ក្នុងពេលបច្ចុប្បន្ន កម្លាំងកងវិស្វកម្ម បានរៀបចំគ្រឿងចក្រសម្រាប់ធ្វើផ្លូវបន្តពីបង្គោលលេខ៣០ និងបង្គោលលេខ១០ ទៅមុខទៀតយ៉ាងសស្រាក់សស្រាំ ហើយកម្លាំងដែលធ្វើត្រូវបានចែកចេញជា២ ទៅ ៣ក្រុម ឆ្ពោះឆ្លងកាត់ជ្រោះ និងចង្កេះភ្នំ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម៕ដោយ៖ឡុង សំបូរ