ម្ចាស់ឱសថស្ថានឯកជនដែលបើកធ្វើអាជីវកម្មក្នុងខេត្ត ត្រូវពង្រឹងសមត្ថភាព គុណភាព ដោយទំនុកចិត្ត

0

ខេត្តកែប៖ ម្ចាស់ឱសថស្ថានឯកជន ដែលកំពុងបើកអាជីវកម្មក្នុងខេត្តកែប ត្រូវពង្រឹងសមត្ថភាព និងត្រូវព្យាបាលជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ មានទំនុកចិត្ត ជៀសវាងជួបបញ្ហាដែលយើងនឹកស្មានមិនដល់។

នៅជាការលើកឡើងរបស់លោក ប៊ុន យោង អភិបាលរងខេត្ត ទទួលបន្ទុកវិស័យសុខាភិបាល ក្នុងដំណើរចុះពិនិត្យទីតាំង ឱសថស្ថាន និងគ្លីនិកឯកជន ដែលបើកធ្វើអាជីវកម្មក្នុងភូមិសាស្ត្រក្រុងកែប និងស្រុកដំណាក់ចង្អើរ នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៥។

ការចុះពិនិត្យទីតាំងឱសថស្ថាន និងគ្លីនិកឯកជននេះ ក្នុងបំណងដើម្បីពិនិត្យ កែលម្អ នៅចំណុចខ្វះខាត និងបង្ការទប់ស្កាត់នៅការលក់ឱសថមិនចុះបញ្ជីការ ឱសថហាមឃាត់ និងហួសសុពលភាព។ជាលទ្ធផលក្រុមការងារជំនាញបានចុះពិនិត្យជាក់ស្តែងនៅក្រុងកែបចំនួន៦ទីតាំង (បិទទ្វារ១) និងស្រុកដំណាក់ចង្អើរ៨ទីតាំង (បិទទ្វារ៤) និងបានរកឃើញ ឱសថស្ថានខ្លះ IPC មិនមានស្តង់ដា មិនមានកត់ត្រាឈ្មោះអ្នកជំងឺ មិនមានតារាងតំលៃ មិនមានវិក័យប័ត្រទិញ-លក់ រួមទាំងដកហូត ឱសថមិនចុះបញ្ជីការ ឱសថហាមឃាត់ និងឱសថហួសសុពលភាពមួយចំនួន។

ទន្ទឹមនោះ លោក ប៊ុន យោង បានអោយម្ចាស់ឱសថស្ថានទាំងអស់ធ្វើកិច្ចសន្យាលើចំណុចខ្វះខាតផ្សេងៗ ដែលក្រុមការងារបានរកឃើញ និងបានណែនាំដល់ម្ចាស់ឱសថស្ថាន ត្រូវរៀបចំនូវចំណុចដែលខ្វះខាតឡើងវិញ និងត្រូវគោរពតាមគោការណ៍ណែនាំរបស់រដ្ឋបាលខេត្តកែប និងក្រសួងសុខាភិបាល រួមជាមួយការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងការរួមចំណែកបង្កើនប្រសិទ្ធភាពសេវាសុខាភិបាលសម្រាប់បម្រើសេវាជូនដល់ប្រជាពលរដ្ឋអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ជៀសវាងបង្កភាពគ្រោះថ្នាក់ ដោយសារការប្រើប្រាស់ឱសថខូចគុណភាព៕ សេង ណារិទ្ធ