ឆ្លងតាមការប្រកួតប្រណាំងទូក(ង) នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប ក្នុងរយៈពេល០២ថ្ងៃមកនេះ ក្រោម វត្តមានជាអធិបតីភាពរបស់ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក
ឧកញ៉ា លោកជំទាវ ជាសមាជិករដ្ឋសភា គណៈ អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អស់លោក លោកស្រីជាថ្នាក់ ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក អង្គការសង្គមស៊ីវិល ភ្ញៀវជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករ ហើយត្រូវបានបិទកាលពីរសៀលថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ។
តាមការប្រកួតប្រណាងរយៈពេល០២ថ្ងៃនេះ លោក កែវ ពេជ្រនិមល អនុប្រធានគណៈកម្មការបច្ចេកទេស បានធ្វើការបូកសរុបអំពីលទ្ធផលនៃការប្រណាំងទូកទៅតាមជុំនិមួយៗ និង បានធ្វើការប្រកាសចំណាត់ថ្នាក់ដល់ ទូកដែលទទួលបានជ័យលាភីឆ្នាំ២០១៤ ក្នុងនោះចំណាត់ថ្នាក់លេខ១ ផ្នែកបុរស បានទៅទូកឈ្មោះ ហនុមាន របស់សាលាខេត្តសៀមរាប ចំណាត់ថ្នាក់លេខ២ បានទៅទូកឈ្មោះ ព្រឹក្សាអភិវឌ្ឍន៍មានរិទ្ធ របស់រដ្ឋបាលព្រៃឈើ និង មន្ទីរ អភិវឌ្ឍន៍ជនបទ ចំណាត់ថ្នាក់លេខ៣ បានទៅទូកឈ្មោះ គ្រុឌមាសតេជោមានជ័យ របស់កងរាជអាវុធហត្ថខេត្ត ចំណាត់ថ្នាក់លេខ១ ផ្នែកនារី បានទៅទូកឈ្មោះ អង្គរជុំសែនជ័យ របស់ស្រុកអង្គរជុំ ចំណាត់ថ្នាក់លេខ២ បានទៅទូកឈ្មោះគង់ជ័យបារមីស្រីខ្ទុម របស់ស្រុកជីក្រែង ចំណាត់ថ្នាក់លេខ៣ បានទៅទូកឈ្មោះបរិធតព្រឹក្សាសែនជ័យបារមី ស្រះកែវអណ្តែត របស់ស្រុកប្រាសាទបាគង ស្វាយលើ និង អង្គភាពរតនាគារខេត្ត ។
មានប្រសាសន៍បិទការប្រកួតប្រណាំងទូក(ង)ឆ្នាំ២០១៤នេះ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការបញ្ជាក់ថា ការ ប្រារព្ធធ្វើពិធីបុណ្យអ៊ុំទូកនេះ ជាការរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសនៃទាហានជើងទឹក កាលពីជំនាន់ដើម ក្នុង ការធ្វើសឹកសង្គ្រាមតាមផ្លូវទឹក ហើយក៏ជាមធ្យោបាយមួយ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនា និង ស្វែងយល់ពីប្រវត្តិនៃការធ្វើសង្គ្រាមតាមផ្លូវទឹក ដែលបុព្វបុរសខ្មែរ បានចារឹកទុក នៅតាមជញ្ជាំងប្រាង្គ ប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មាផងដែរ ។
លោក ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ បងប្អូនក្រុមកីឡាករ កីឡាការនី និងថ្នាក់ដឹកនាំកីឡាប្រណាំងទូក ដែលបានយកចិត្តទុកដាក់ អស់ពីកម្លាំងកាយចិត្ត ដែលធ្វើឲ្យការប្រកួតនេះប្រព្រឹត្តទៅបានជោគជ័យ ។
លោក ឃឹម ប៊ុនសុង បានបន្តទៀតថា ការប្រកួតប្រជែញតែងតែ មានអ្នកឈ្នះ និង អ្នកចាញ់ ដូច្នេះក្រុមអ្នកចាញ់ត្រូវខិតខំ ហ្វឹកហាត់បន្ថែមទៀត ឲ្យកាន់តែមានបច្ចេកទេសល្អជាងមុន ដើម្បីត្រៀមក្នុងការដណ្តើមនូវជ័យជំនះនៃការប្រកួតនាឆ្នាំក្រោយៗទៀត ។ ម្យ៉ាងទៀតចំពោះកីឡាករ កីឡាការនីដែល ជាអ្នកឈ្នះវិញ មិនត្រូវមានមោទនៈភាព នឹងជ័យជំនះរបស់ខ្លួន គឺត្រូវពង្រឹងការហ្វឹកហាត់បន្ថែម ក្នុងការបង្កើននូវ បច្ចេក ទេសរបស់ខ្លួន ក្នុងការទទួលជ័យជំនះបន្តទៀត ។
ឯកឧត្តមបានលើកឡើងថា ព្រះរាជពិធីបុណ្យនេះ គឺជាតម្លៃ នៃទស្សនវិជ្ជារបស់បុព្វបុរសខ្មែរ ដែលមានគតិបណ្ឌិត ក្នុងការសំយោគចូលគ្នារវាងជំនឿសាសនា និងទំលៀម ទំលាប់បង្កើតបានជាពិធីបុណ្យមួយប្រកបដោយសភាពរស់រវើក ទន់ភ្លន់ និង មានលក្ខណៈសកលភាពឲ្យទៅជា អត្តសញ្ញាណជាព្រលឹងជាតិ ក្នុងស្មារតី នៃការរួបរួមសាមគ្គី កិច្ចសហប្រតិបត្តិការ និង ការយោគយល់អាធ្យាស្រ័យគ្នា ដើម្បីឧត្តមប្រយោជន៍ជាតិ ។
ស្ថិតលើហេតុផលទាំងអស់នេះ សក្ខីកម្មបញ្ជាក់ឲ្យឃើញថា បុព្វបុរសខ្មែរបានបង្កើតពូជពង្សជាតិសាសន៍ខ្មែរយើង ដែលជានិច្ចកាលមានសីលធម៌ មានអរិយធម៌ និងអត្តសញ្ញាណខ្ពង់ខ្ពស់ឧត្តុង្គឧត្តម ល្បីល្បាញតាំងពីដើមរៀងមក ។ លោកឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា នៅឆ្នាំ២០១៤នេះ មានទូកមកពីបណ្តាខេត្ត និង កងពលតូចឆ័ត្រយោងលេខ៩១១ ចូលរួមការប្រកួតនេះ ។ ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ថា នៅឆ្នាំខាងមុខ និងមាន ទូកមកពីបណ្តាខេត្តជិតខាង ចូលរួមធ្វើការប្រកួតប្រណាំងទូក នៅខេត្តសៀមរាបផងដែរ ៕ដោយគឿនវ៉េត