​នាវាចម្បាំង​ចិន ឆ្ពោះ​ទៅ​ដំបន់​សមុទ្រ​ដែល​យន្តហោះ MH37០​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា

ចិន៖ ​ប្រភព​ទាហាន​ជើងទឹ​ចិន​បានបញ្ចាក់​ថា​ថា​នាវាចម្បាំង​ចំនួន​ពីរ នៃ​កងទ័ពជើងទឹក​ចិន "Jinggangshan" និង "Mianyang" កំពុងធ្វើដំណើរ ទៅ​កាន់​តំបន់​សមុទ្រ ដែល​ជា​កន្លែង យន្តហោះ​ក្រុមហ៊ុន អាកាសចរណ៍​ម៉ាឡេស៊ី MH370 បាន​ធ្លាក់ ។ 

​នាវា "Jinggangshan" បាន​ផ្ទុក ជាមួយ​ឧបករណ៍​សង្គ្រោះ​ជីវិត ឧបករណ៍​រុករក នៅក្រោម​ទឹក និង​ការផ្គត់ផ្គង់ ទឹក និង​អាហារ បាន​នាំ​ចេញ​ពី​ទីក្រុង ស៊ាន់​ជាង នៃ​ខេត្ត​ក្វាង​ទុង ភាគ​ខាងត្បូង​ប្រទេស​ចិន​នៅ​ប្រហែល​ម៉ោង ៣​ព្រឹក កាលពី​ថ្ងៃ​អាទិត្យ​សម្រាប់​បេសកកម្ម​ស្វែងរក និង​ជួយ​សង្គ្រោះ​។ 

​ឧទ្ធម្ភាគចក្រ​ចំនួន​២​គ្រឿង បុគ្គលិក​ពេទ្យ​ចំនួន​៣០​នាក់ អ្នក​មុជទឹក​ចំនួន​១០​នាក់ និង​ទ័ព​ម៉ា​រី​ន​ចំនួន​៥០​នាក់ ក៏​មាន​វត្តមាន នៅ​លើ​នាវា​នេះ​ផង​ដែរ ។ 
​នាវា​កងទ័ពជើងទឹក​ចិន​មួយ​ទៀត​ឈ្មោះ​ថា "Mianyang" ​បាន​ចាកចេញ ទៅ​រក​កន្លែង​ដែល​យន្តហោះ ធ្លាក់ នៅ​យប់​ថ្ងៃ​សៅរ៍ ។ 
​លោក Li Keqiang ថ្នាក់ដឹកនាំ​ប្រទេស​ចិន កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ បាន​ស្នើ​ឲ្យ​ប្រទេស ម៉ាឡេស៊ី ឆាប់​ធ្វើ​ប្រតិបត្តិ​ការស្រាវជ្រាវ និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ ដែល​បាន​បាត់​ខ្លួន ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ របស់​ម៉ាលេស៊ី​។ នេះ​បើ​យោង​តាម​ការលើកឡើងរ​បស់​លោក Li Keqiang ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ ជាមួយ​លោក Najib Razak នាយករដ្ឋមន្ត្រី​ម៉ាលេស៊ី​។ 
​ទីភ្នាក់ងារ​សារព័ត៌មាន ចិន​ស៊ិនហួ ចុះ​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៤​នេះ​បានឲ្យដឹងថា លោក Najib បាន​សម្តែង​ក្តីអាណិតអាសូរ និង​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ដែល​កំពុង​បាត់​ខ្លួន​។ 
​លោកនាយក​រដ្ឋមន្ត្រី​រូបនេះ បាន​លើកឡើង​ថា រដ្ឋាភិបាល​ម៉ាលេស៊ី នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​លទ្ធភាព ក្នុង ការស្រាវជ្រាវ និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​។ មិនតែប៉ុណ្ណោះ លោក​នឹង​បញ្ជូន​ក្រុម​ការងារ​ទៅកាន់​ប្រទេស ចិន ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នានា​៕ 

kh-02