នៅថ្ងៃសៅរ៍នេះ រដ្ឋាភិបាលក្រុងគៀវបានប្រកាសថា មិនបោះបង់តំបន់គ្រីមេចោលទេ គ្រីមេនៅតែស្ថិតក្នុងដែនដីអ៊ុយក្រែនជាដរាប។ រដ្ឋាភិបាល
ក្រុងគៀវបានបន្ថែមថា នឹងចរចាតាម បែបផែនសន្តិភាព ជាមួយរុស្ស៊ី ដើម្បីដោះស្រាយវិបត្តិក្នុងប្រទេស។ ការប្រកាសមិនបោះបង់ចោលតំបន់ គ្រីមេពីសំណាក់រដ្ឋាភិបាលក្រុងគៀវ សបង្ហាញថា អាជ្ញាធរអ៊ុយក្រែនថ្មីមិនបណ្តែតបណ្តោយតំបន់គ្រីមេ ក្លាយជាកម្មសិទ្ធិរបស់រុស្ស៊ីវិញឡើយ។ ទន្ទឹមនេះដែរ អាជ្ញាធរអ៊ុយក្រែនថ្មីក៏ចង់បន្ទន់ជំហរចរចាជាមួយក្រុងម៉ូស្គូ ផងដែរ។
នៅថ្ងៃសៅរ៍នេះ កងការពារព្រំដែនអ៊ុយក្រែនបានប្រាប់ថា ទាហានរុស្ស៊ីបានបណ្តេញកងកម្លាំងខ្លួនមួយចំនួន រួមទាំងក្រុមគ្រួសារពួកគេផងដែរ អោយចាកចេញពីប៉ុស្តិ៍យាមការពារ នៅភាគខាងកើតឧបទ្វីបគ្រីមេ។ ដោយឡែក រុស្ស៊ីបដិសេធថា កងទ័ពខ្លួនមិនធ្វើសកម្មភាពនៅតំបន់ស្វ័យតគ្រីមេនោះទេ។ រដ្ឋាភិបាលក្រុងម៉ូស្គូធ្លាប់បញ្ជាក់រួចហើយថា មិនលូកដៃចូលក្នុងវិបត្តិគ្រីមេទេ។ រុស្ស៊ីនៅតែចោទអាជ្ញាធរអ៊ុយក្រែនថ្មី ថាបានធ្វើអ្វីៗតាមតែការចង់បានរបស់ក្រុមជ្រុលនិយម។ ក្នុងដំណោះស្រាយវិបត្តិអ៊ុយក្រែន នៅថ្ងៃសៅរ៍នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែរហ្កី ឡាវ្រ៉ូវ បានប្រកាសបើកចំហកិច្ចចរចាជាមួយប្រទេសមហាអំណាចជាដៃគូនានា ក្នុងលក្ខណៈស្មោះត្រង់ និងស្មើគ្នាទៅវិញទៅមក។
ដោយឡែក រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសុំអោយអង្គការសន្តិសុខនិង សហប្រតិបត្តិការអឺរ៉ុប បើកការស៊ើបអង្កេតលើការស្លាប់របស់មនុស្សជាង១០នាក់ កាលពីខែកុម្ភៈមុននេះ ដែលបានស្លាប់ក្នុងការវាយប្រហាររបស់ក្រុមទាហានបាញ់ស៊ីប មួយក្រុម។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីសំណូមពរបែបនេះ ក្រោយលេចលឺដំណឹងថា តំណាងការទូតប្រទេសអេស្តូនី បានប្រាប់តំណាងការទូតអឺរ៉ុបថា ក្រុមប្រឆាំងអ៊ុយក្រែន អាចនឹងជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ។
ក្នុងពេលកំពុងស្ថិតក្រោមទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនិង សហភាពអឺរ៉ុប ថ្មីៗនេះ ក្រុងម៉ូស្គូបានគំរាមតបវិញថា នឹងដាក់ទណ្ឌកម្មអាជ្ញាធរក្រុងគៀវ តាមរយៈការផ្តាច់ការនាំចេញឧស្ម័នរុស្ស៊ីអោយអ៊ុយក្រែន ប្រសិនអ៊ុយក្រែនមិនអាចដោះបំណុលប៉ុន្មានពាន់លានដុល្លារអោយ បានរួចឆាប់ៗនោះទេ។ គួររំលឹកដែរថា កាលពីឆ្នាំ២០០៩ រុស្ស៊ីធ្លាប់បានបិទបំពង់ឧស្ម័នរួចមកហើយ ធ្វើអោយការផ្គត់ផ្គង់ ឧស្ម័ននៅតាមបណ្តាប្រទេសអឺរុបមួយចំនួន ជួបការរាំងស្ទះ៕