ខេត្តសៀមរាប៖ នៅតំបន់ទេសចរណ៍អង្គរឃ្យុងយូនៃខេត្តសៀមរាបត្រូវបានពលរដ្ឋនិងអាជីវករនាំគ្នារិះគន់ទៅលើអាជ្ញាធរខេត្ត និងនគរបាលសណ្តាប់ធ្នាប់ខេត្តថា តូបដែលគេពុះលក់ក្នុងតម្លៃពី៥០០ទៅ ៣០០០ដុល្លា កាលពីពេលកន្លងទៅ ត្រូវបានគេយកទៅដាក់ហោប៉ៅចាយលេងយ៉ាង
រំភើយ ហើយទំនងជាគ្មានបង់ចូលរដ្ឋនោះទេ ហើយបញ្ហាទទួលបញ្ញើរបស់ពួកគាត់ក្នុងតម្លៃពី៣ម៉ឺនទៅ៤ម៉ឺនរៀលក្នុងចំណោមប្រមាណជាង៣០០តូបដាក់ចូលហោប៉ៅរបស់ខ្លួនក្នុង១ខែៗ បែជាដាក់ឥវ៉ាន់របស់ពួកគាត់ចោលហាលថ្ងៃហាលភ្លៀងមិនមានកន្លែងទុកដាក់ត្រឹមត្រូវ ធ្វើឲ្យមានការខូចខាតទ្រព្យសម្បិត្តរបស់គាត់អស់មួយចំនួន ដោយគ្មានអ្នកយាមត្រឹមត្រូវ ។
ប្រភពពីអាជីវករម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ ថា កន្លងមកពួកគាត់បាននាំគ្នាយករទេះដែលដាក់អីវ៉ាន់ទាំងអស់មានចំនួនជាង៣០០រទេះទៅផ្ញើលោកប៉ូលិសសណ្តាប់ធ្នាប់ខេត្តឈ្មោះ ម៉ុយ សុផល ជាច្រើនឆ្នាំមកហើយតាំងពីពេលដែលពួកគាត់បានមកលក់ដូរនៅតំបន់ឃ្យុងយូនេះអស់រយៈពេលជាង៣ឆ្នាំមកហើយ មិនដែលឃើញលោកម៉ុយសុផលរកស្តង់គ្រប ឬ រោងដាក់ឲ្យពួកគាត់បានត្រឹមត្រូវនោះទេ។
ប្រភពដដែលបានបន្តទៀតថា រហូតមកដល់បច្ចុប្បន្ននេះនៅតែឃើញរទេះរបស់ពួកគាត់នៅហាលថ្ងៃ ហាលភ្លៀងដដែលគ្មានឃើញ លោកម៉ុយ សុផល នោះមកអើតមើលការខុសត្រូវទ្រព្យសម្បត្តិពួកគាត់ឡើយ ហើយ ដល់ខែមិនទាន់ស្រួលបួលផងក៏ឃើញមុខមកប្រមូលលុយ មិនដឹង យកទៅជូន មេ ឬ ដាក់ចូលហោប៉ៅរបស់ខ្លួនទេ ថែមទាំងនិយាយថា នាំគ្នាទុករទេះនៅទីនេះទៅគ្មានអ្នកណាមកលួចគោះស្អីទេ ម៉ាទ្រព្យសម្បត្តិក្នុងរទេះប៉ុណ្ណឹងនោះ។ប្រភពបានបន្ថែមទៀតថា ពួកគាត់មានការងឿងឆ្ងល់ថា ការពុះតូបលក់រាប់រយ កន្លែងដែលជាដីរបស់រដ្ឋ តើអ្នកដែលលក់ដីទាំងនោះឲ្យអាជីវករ តើមានបង់ចំណូលចូលរដ្ឋខ្លះដែរឬទេ? ឬក៏នាំគ្នាប្រមូលលុយដាក់ហោប៉ៅស្ងាត់បាត់ទៅហើយ កាលពីជំនាន់អភិបាលខេត្តមុននោះ។ ប៉ុន្តែបច្ចុប្បន្ននេះ ឮថា តូបទាំងនោះមិនមានអ្នកណាម្នាក់ទទួលស្គាល់ជាកម្មសិទ្ធដាច់មុខនោះទេ ព្រោះជាក់ស្តែងដីទាំងនោះជាដីរបស់រដ្ឋពិតៗ។
ប្រភពបានបន្ថែមទៀតថា ជារៀងរាល់ថ្ងៃ នៅតំបន់ទេសចរណ៍អង្គរឃ្យុងយូនេះគេសង្កេតឃើញថា មានភ្ញៀវជាតិ និងអន្តរជាតិ តែងតែមកកម្សាន្តលេងនៅតំបន់នេះ ប៉ុន្តែហាក់ពុំមានភាពកក់ក្តៅណាមួយចំពោះភ្ញៀវទេសចរនោះទេ ព្រោះជារឿយៗគេឃើញមានក្រុមក្មេងអន្តពាល ដេញកាប់ចាក់គ្នាដោយសេរី ពុំដែលឃើញមានសមត្ថកិច្ចណាមួយចេញមុខ មកទប់ស្កាត់ និងរៀបចំសណ្តាប់ធ្នាប់នៅទីនោះ ឲ្យមានភាពល្អប្រសើរនោះទេ ឃើញមានតែ អ្នកមកប្រមូលលុយ ប៉ុណ្ណោះ។ តាមសម្តីរបស់លោក អៀង សុផល ជាអ្នកដើរប្រមូលលុយនៅតំបន់ឃ្យុងយូ ផ្នែកអនាម័យ និងភាស៊ី ព្រមទាំងដាក់កម្លាំងឲ្យយាមតូបរបស់អាជីវករ រាល់ថ្ងៃបានប្រាប់ តាមទូរស័ព្ទនៅរសៀលថ្ងៃទី១០ខែវិច្ឆកាថា លោកទើបនឹង មកប្រមូល ភាស៊ីកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៣ប៉ុណ្ណោះ មិនដែលមានអ្នកលក់ដូរ ឬអ្នកផ្ញើឥវ៉ាន់មានការអាក់អន់ចិត្តនោះទេ ព្រោះលោកមានកន្លែងដាក់ត្រឹមត្រូវមិនឲ្យខូចខាតរបស់របរអាជីវករឡើយ ហើយថែមទាំងមានកិច្ចសន្យាធានា ចេញសងត្រឹមត្រូវ ទើប អាជីវករ ទាំងអស់នៅ តំបន់ឃ្យុងយូមួយចំនួន នោះគ្មានការរង្គោះរង្គើលឡើយ។
លោកបន្តថា ចាប់ពីលោកបាន ការអនុញ្ញាតិ ពីសាលាក្រុង និង សាលាខេត្ត គឺ លោកមានឯកសារត្រឹមត្រូវតាមច្បាប់របស់សាលាក្រុងដែលបានដាក់កំណត់ឲ្យយកថ្លៃភាស៊ី និង ថ្លៃយាម អីវ៉ាន់របស់អាជីករ ទើបលោកអាចនៅឈរជើង លើតំបន់ឃ្យុងយូ នេះបានមកដល់បច្ចុប្បន្ន។លោកបញ្ជាក់បន្ថែមទៀតថា មិនត្រឹមតែយាមកាម អីវ៉ាន់របស់អាជីវករនោះទេ ថែមទាំងប្រមូលលុយក្នុង១ខែៗបានចំនួន១៥លានរៀល សម្រាប់ការចំណាយទៅឲ្យអាជ្ញាធរខេត្តដែលមានលោក ប៊ុន ថា រិទ្ធ អភិបាលរងខេត្តជាអ្នកគ្រប់គ្រង ព្រមទាំងសមត្ថកិច្ច និង អង្គភាពពាក់ពន្ធ័មួយចំនួន ទៀត ជាពិសេសខាងប៉ូលិស សណ្តាប់ធ្នាប់ខេត្ត។
លោក អឿន ពៅ អភិបាលរង ក្រុងសៀមរាប បានប្រាប់នៅរសៀលថ្ងៃទី១០ ខែ វិច្ឆិកានេះថា រឿងនៅតំបន់ឃ្យុងយូ លោកក៏បានដឹងដែរ តែលោកបានត្រឹមតែថ្នាក់លើបញ្ជាឲ្យចុះទៅម្តងម្កាលប៉ុណ្ណោះ ចំពោះរឿងការប្រមូលលុយ ចូលសាលាក្រុង និងការងារផ្សេងៗទៀតលោកមិនបានដឹងទេ បើចង់ដឹងរឿងច្បាស់ ចាំសួរទៅអភិបាលក្រុងស្តីទីទៅ ។ ជុំវិញករណីសណ្ឋាប់ធ្នាប់ នៅតំបន់អង្គរឃ្យុងយូ មិនអាចសុំការពន្យល់ពីលោក ប៊ុន ថារិទ្ធ អភិបាលរង ទទួលបន្ទុក តំបន់អង្គរឃ្យុងយូបានទេនៅរសៀលថ្ងៃទី១០ខែវិច្ឆិកានេះ ព្រោះទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា ។
យ៉ាងនេះក្តី ពលរដ្ឋនៅតែរិះគន់ទៅលើអាជ្ញាធរពាក់ព័ន្ធទាំងអស់ថា មានភាពមិនប្រក្រតីជាច្រើនដូចជាៈប្រមូលលុយគ្រប់បែបយ៉ាងពីតំបន់នោះ ប៉ុន្តែបែជាទុកតំបន់នោះឲ្យមានភាពអាណាធិបតេយ្យដដែល។នៅតំបន់ទេសចរណ៍ អង្គរឃ្យុងយូ កន្លងមក គឺខាងអាជ្ញាធរអប្សរាជាអ្នកគ្រប់គ្រងនិងប្រមូលលុយ ពីអាជីវករ តែបច្ចុប្បន្ន គឺខាងសាលាខេត្តជាអ្នកគ្រប់គ្រងជំនួសវិញម្តង ៕