កំពង់ចាម៖ ឆ្លើយតបទៅនឹងលិខិតជម្រាបរបស់ក្រសួងធនធានទឹក និងឧតុនិយមលេខ ២៣៦២ ចុះថ្ងៃទី១២ ខែវិច្ឆិកា អាជ្ញាធរខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំពិភាក្សា រកដំណោះស្រាយទៅលើចំណាត់ការបន្ទាន់ របស់ក្រសួងធនធានទឹក ក្នុងការ
ស្ដារកោះ (ឈ្មោះកោះដាច់) ដែលទើបនឹងដុះចេញ បន្ទាប់មកនឹងធ្វើការសិក្សាលំអិតលើបទដ្ឋានបច្ចេកទេស ហើយឈានទៅសាងសង់របាំងការពារច្រាំងទន្លេ ត្រង់ចំណុចដែលរអិលស្រុតឲ្យបានដឹងមាំ ។ អង្គប្រជុំបានស្ដាប់របាយការណ៍របស់ជំនាញ របាយការណ៍របស់អាជ្ញាធរមូលដ្ឋាន ទៅលើទីតាំងភូមិសាស្ត្រប្រវត្តិទឹកដីកោះដាច់ ដែលក្រសួងធនធានទឹកគ្រោងនឹងរំលាយចោលនោះកាលពីដើមឡើយ ជាភូមិមួយជាប់នៅក្នុងភូមិទី៨ ដែលជាចុងកោះសំរោង ស្ថិតនៅក្នុងស្រុកកំពង់សៀម ។
លុះដល់ឆ្នាំ១៩៧៧ ទឹកជន់ខ្លាំងក៏ហូរកាត់ផ្ដាច់កោះនេះចេញពីភូមិទី៨ ក្នុងជំនាន់ប៉ុលពត បានយកដីនេះដាំបន្លែ ។ ក្រោយឆ្នាំ ១៩៧៩ រដ្ឋអំណាចបានធ្វើការបែងចែកដីរបបគ្រួសារតូចធំ ចំនួន ៣៨គ្រួសារ លុះដល់ឆ្នាំ១៩៩៩ ក៏មានការបាក់ច្រាំងបន្ថែមទៀត នៅផ្នែកខាងភូមិទី៨ និងមកដុះនៅលើកោះដាច់បច្ចុប្បន្ននេះ ទើបប្រជាពលរដ្ឋនាំគ្នាចាប់ដីដាំដំណាំបន្លែ និងមានការលក់ជាបន្តបន្ទាប់ពីម្នាក់ទៅម្នាក់ ដោយគ្មានប័ណ្ណសម្គាល់កម្មសិទ្ធិតាមច្បាប់ភូមិបាលឡើយ ។ទឹកដីកោះដាច់នេះ មានទំហំទទឹងប្រហែល ៥០០ម និងកណ្ដាល ចុងរីករួម ចាប់ពី៧០០ ទៅ៨០០ម ផ្ទែប៉ាន់ស្មាន ១១០ហ.ត មានប្រជាពលរដ្ឋស្នាក់នៅអចិន្ត្រៃយ៍ ក្នុងរដូវទឹកសម្រកចំនួន ៥០គ្រួសារ ស្មើនឹងមនុស្ស២២០នាក់និងមានផ្ទះតូចធំ ៣៩ខ្នង ។
បច្ចុប្បន្ន មាន ១៣គ្រួសារ ប្រកបមុខរបរដាំបន្លែគ្រប់ប្រភេទ ក្រៅពីនោះគ្រាន់តែនៅដាំពេលថ្ងៃ រួចត្រឡប់មកលំនៅដ្ឋានរៀងៗខ្លួនវិញ ។ឯកឧត្ដម លន់ លឹមថៃ ក៏បានបញ្ជាក់អំពីលិខិតជម្រាប លេខ ២៣៦២របស់ក្រសួងធនធានទឹក ទៅលើវិធានការចំនួន ២ គឺ៖ ១.ស្ដារយកកោះដែលដុះខាងលើនោះចេញ នារដូវប្រាំងខាងមុខនេះ និងទី២.សិក្សាលម្អិតលើបទដ្ឋានបច្ចេកទេស ហើយឈានទៅសាងសង់របាំងការពារច្រាំងទន្លេ ត្រង់ចំណុចដែលរអិលស្រុតឲ្យបានដឹងមាំ និងរៀបចំប្រព័ន្ធដោះទឹកជម្រាបឲ្យបានសមស្រប ។ ឯកឧត្ដមបន្តថា តាមលក្ខណៈបច្ចេកទេសរបស់ក្រសួងជំនាញ វិធានការទី១ កោះនោះត្រូវតែរំលាយចេញ ដូច្នេះ អាជ្ញាធរឃុំត្រូវតែមានការផ្សព្វផ្សាយអំពីការរំលាយកោះនោះចេញនិងផ្សព្វផ្សាយអំពីគោលនយោបាយទទួលយក ព្រមទាំងគោលការណ៍ នៃការផ្ដល់នូវដីសម្បទានសង្គមកិច្ច ទៅដល់ប្រជាពលរដ្ឋទាំង ៥០គ្រួសារ ។
ថ្នាក់ខេត្តត្រូវបង្កើតគណៈកម្មាការមួយ ដើម្បីចុះពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណកម្មគ្រួសារប្រជាពលរដ្ឋ ដោយសហការជាមួយក្រសួងធនធានទឹក សិក្សាផ្ទៀងផ្ទាត់ទៅលើទីតាំងភូមិសាស្ត្រឲ្យបានច្បាស់លាស់ហើយកិច្ចការនេះត្រូវធ្វើឲ្យបានចប់មុនបំណាច់ខែវិច្ឆិកាដើម្បីបូកសរុបរបាយការណ៍លម្អិតជូនខេត្ត ហើយខេត្តនឹងធ្វើរបាយការណ៍រួមដាក់ជូនក្រសួងធនធានទឹក ដើម្បីមានវិធានការជាក់លាក់ក្នុងការចុះអនុវត្តជាក់ស្ដែង ។
សូមបញ្ជាក់ដែរថា តាមការវាយតម្លៃជាក់ស្ដែងរបស់មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក កាលពីថ្ងៃទី១៥ ខែតុលា កន្លងទៅ ឃើញថាមានកត្តាធម្មជាតិធំៗចំនួន ២ ដែលជាបច្ច័យបណ្ដាលឲ្យមានការរអិលស្រុតច្រាំងទន្លេមេគង្គ ត្រង់ចំណុចក្បែរគល់ស្ពានគីស្សុណា ក្រុងកំពង់ចាម គឺ ៖ ទី១.ដោយសាររបបផលសាស្ត្រមានការផ្លាស់ប្ដូរ កត្តានេះ គឺបណ្ដាលមកពីការដុះកោះថ្មី១ នៅកណ្ដាលទន្លេ។ កោះនេះបានធ្វើឲ្យទិសដៅចរន្តទឹកដែលធ្លាប់តែហូរចំកណ្ដាលទន្លេ ឲ្យងាកមករកទិសដៅច្រាំងទន្លេវិញ ទី២.កត្តាជម្រាប ច្រាំងទន្លេនៅទីតាំងដែលរអិលស្រុត មានជម្រាបទឹកខ្លាំង (ដីសើមជាប់ជាប្រចាំ) នៅរដូវទឹកសម្រក និងរដូវប្រាំង ៕