ប្រជាពលរដ្ឋ១០គ្រួសារ ចំនួន៦៥នាក់ បានសំដែងការអស់អង្ឃឹមយ៉ាងខ្លាំង ក្នុងការដោះស្រាយទំនាស់ផ្លូវឌឿងហែមមួយខ្សែ ដែលរ៉ាំរ៉ៃអស់រយៈពេលជាងពីរឆ្នាំកន្លងមកហើយ ដែលអាជ្ញាធរខេត្ត សន្យាក្នុងការដោះស្រាយរឿង ទំនាស់បិទផ្លូវឌឿងហែមមួយកន្លែង មានទទឹង២.៥ម៉ែត្រ
បណ្តោយប្រវែងប្រមាណ១៥០ម៉ែត្រ ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាផ្លូវធ្វើដំណើរចេញចូល តាំងពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩មកម្លេស ។
ប្រជាពលរដ្ឋ ចំនួន១០គ្រួសារ បានអះអាងអោយដឹងថា ឈ្មោះ អ៊ាម ហុកឆាយ និង ឈ្មោះ យិន ភី បានធ្វើរបងបិទផ្លូវ បណ្តាលអោយពួកគាត់ទាំង១០គ្រួសារ គ្មានផ្លូវដើរចេញចូល ហើយម្យ៉ាងវិញទៀត ប្រសិនបើពួកគាត់ ជួបគ្រោះអគ្គីភ័យកើតឡើង ដោយជាយថាហេតុ គ្មានច្រកសម្រាប់សង្គ្រោះបន្ទាន់ទ្បើយ ។
ករណីទំនាស់ផ្លូវមួយខ្សែខាងលើនេះ បានកើតឡើងជាង២ឆ្នាំកន្លងមកហើយ រហូតដល់បច្ចុប្បន្ននេះ អាជ្ញាធរខេត្ត បានសន្យាថាដោះស្រាយ តាំងពីអតីតអភិបាលខេត្តចាស់ ឯកឧត្តម ទូច ម៉ារីម រហូតដល់អភិបាលខេត្តថ្មី ឯកឧត្តម ឈួរ ច័ន្ទឌឿន ប៉ុន្តែការសន្យាគេពុំទាន់ឃើញ ចេញជារូបរាងនៅឡើយទេ ខណៈអភិបាលខេត្តថ្មី ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអះអាងប្រាប់អ្នកសារពត៌មាន នាពេលកន្លងមកថា ឯកឧត្តម នឹងចាត់អោយក្រុមការងារ ចុះទៅត្រួតពិនិត្យជាក់ស្តែង និងដោះស្រាយជូនប្រជាពលរដ្ឋ ជាមិនខាន ហើយបើមានការទាល់ច្រកណាមួយនោះ ឯកឧត្តមនិងសុំទិញផ្លូវនេះ ដាក់ទុកអោយប្រជាពលរដ្ឋ ប្រើប្រាស់ជា ធម្មតាឡើងវិញ ។
រហូតមកដល់ពេលនេះ ករណីខាងលើ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តបានប្រគល់ការងារដោះស្រាយផ្លូវខាងលើនេះ អោយឯកឧត្តម ហ៊ី ណាត អភិបាលរងខេត្ត ទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ ជាអ្នកសម្របសម្រួលដោះស្រាយ ។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ កាលពីម្សិលមិញ ឯកឧត្តម ហ៊ី ណាត អភិបាលរង ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ករណីនេះ លោកបានប្រគល់អោយចៅសង្កាត់ ចុះសម្របសម្រួល ដោះស្រាយផ្លូវឌឿងហែមនេះហើយ តែលោកមិនទាន់បានទទួលរបាយការណ៍មកវិញថា លទ្ធផលយ៉ាងណានៅឡើយ ៕