ភ្នំពេញ ៖ដើម្បីពង្រឹងសន្ដិសុខ ក៏ដូចជាកាត់បន្ថយបទល្មើសផ្សេងៗគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដែលដឹកនាំដោយលោកអភិបាលរង
ខណ្ឌទួលគោក និងចូលរួមទាំងមន្ដ្រីនគរបាល និងកងរាជអាវុធហត្ថកាលពីយប់ថ្ងៃទី១១ខែមិនាឆ្នាំ២០១៤ បានបើកប្រតិបត្ដិការចុះឆែក
អាវុធជាតិផ្ទុះ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម។
ការចុះប្រតិបត្តិការនេះប្រព្រឹត្តិឡើងរយះពេលជិត១ម៉ោងក្នុងការឆែកឆេរចំពោះអាវុធជាតិផ្ទុះខាងលើនេះក៏បានឃាត់ខ្លួនជនសង្ស័យ៣នាក់ជិះម៉ូតូ១គ្រឿងម៉ាកគ្រីស ពណ៌ក្រហម ពាក់ស្លាកលេខ ន០៨៨១ ភព១ ពីបទប្រើប្រាស់គ្រឿងញៀន ហើយជនសង្ស័យទី១ឈ្មោះ ថន វ៉ាន់យ៉ាវង្ស ភេទប្រុសអាយុ២០ឆ្នាំជាសិស្សសាលាបាក់ទូក ស្នាក់នៅផ្ទះជួលសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ទី២ឈ្មោះ សំ បញ្ញា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរលក់ភេសជ្ជៈ ស្នាក់នៅផ្ទះលេខ43E3 ផ្លូវ១៤០ សង្កាត់មនោរម្យ ខណ្ឌ៧មករា និងទី៣ឈ្មោះ តាំង ប៊ុនហេង ភេទប្រុសអាយុ២១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់អូឫស្សី៤ ខណ្ឌ៧មករា។ បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើនេះយកមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
គួរបញ្ជាក់ថាការចុះឆែកអាវុធជាតិផ្ទុះខាងលើនេះ លោក តី សុវណ្ណារ៉េត អធិការរងខណ្ឌទួលគោក បានអោយដឹងថាដែរថា ការឆែកឆេរនេះមិនមានការផាកពិន័យចំពោះម៉ូតូជិះមិនពាក់មួកសុវត្តិភាពនិងដាក់កញ្ជក់ឡើយ គ្រាន់តែធ្វើការព្រមានហើយក៏អោយទៅវិញផងដែរ៕
