រដ្ឋបាលខេត្តសៀមរាបចូលរួមកាន់វេនបិណ្ឌទី៣ នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា និង វត្តព្រះឥន្ទកោសីយ៍ក្នុងក្រុងសៀមរាប

0

សៀមរាប: រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម សោម សារ៉ូ សមាជិកក្រុមប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត រួមទាំងឯកឧត្តម លោកជំទាវសមាជិសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៣ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅវត្ត ពុទ្ធស្ថាននគររាជធម្មមេត្តា និង វត្តព្រះឥន្ទកោសីយ៍ ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥នេះ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូន ជីតា និងញាតិការទាំង៧សន្តាន តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និង ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន ជិតខាង។
តាមការបញ្ជាក់របស់លោកតាអាចារ្យ បានឲ្យដឹងថា នៅរៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ ដែលជាបុណ្យប្រពៃណី ព្រះពុទ្ធសាសនាខ្មែរដ៏សំខាន់ ។ ពិធីបុណ្យធ្វើទៅតាមទំនៀមប្រពៃណីពីដូនតាតរៀងមក ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរ ដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅ ។ ពិធីបុណ្យភ្ជុំបិណ្ឌនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ក្នុងការបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម និង បញ្ចាក់ឲ្យឃើញពីការសម្បូរហូរហៀរនៃភោគផលធញ្ញាហារផ្សេងៗ របស់ប្រជាជនខ្មែរផ្គត់ផ្គង់ព្រះសង្ឃក្នុងព្រះវស្សា និង សម្តែងនូវភាពកតញ្ញូកតវេទី.ដាស់តឿនស្មារតីដល់មនុស្សគ្រប់រូបកុំឲ្យមានសេចក្តីប្រមាទក្នុងការធ្វើអំពើបាបនានា ព្រមទាំងឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធនៃបុព្វការីជននិងពពួកញាតិ.សន្សំនូវមហាកុសលទុកជាទីពឹងរបស់ខ្លួន និងបន្តថែរក្សាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឲ្យតាំងនៅស្ថិតស្ថេរអស់កាលជាយូរអង្វែង។ ម៉្យាងទៀតជាគោលបំណង ឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកទៅហើយនោះ និងវរយុទ្ធជន យុទ្ធនារីដែលបានពលីក្នុងបុព្វហេតុរំដោះជាតិការពារមាតុភូមិ ព្រមទាំងបងប្អូនរងគ្រោះដែលបានស្លាប់ទៅដោយភាពអយុត្តិធម៌ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ប៉ុលពត និង ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែនជិតខាង។
នៅក្នុងពិធីកាន់វេនបិណ្ឌទី៣នេះដែរ រដ្ឋបាលខេត្តបាននាំយកនូវគ្រឿងឧបភោគ បរិភោគ និង សម្ភារៈ ចំនួន១៣មុខ និងបច្ច័យ ២លានរៀល ក្នុងមួយវត្ត រួមបច្ច័យមួយចំនួនទៀតដែលទទួលបានពីមន្ទីរ អង្គភាព ប្រជាពុទ្ធបរិស័ទដែលបានចូលរួម ដើមី្បយកទៅប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ព្រមទាំងចែកជូនផងដែរដល់សីលវ័ន្ត សីលវន្តី ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកាផងដែរ ៕