កំពង់ចាម: ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តខេមវ័នបឹងស្ទាយ ស្ថិតក្នុងសង្កាត់ សំបួរមាស និងវត្តបទុមរតនៈដីដុះ
ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការ ថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជាច្រើនផងដែរ។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានអញ្ជើញថ្វាយ ភួងផ្កា បូជាទៀនធូប ចំពោះព្រះពុទ្ធបដិមា ដែលជាព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើង និងអញ្ជើញ នមសកាព្រះរតនត្រ័យ ទៅតាមកិច្ចសាសនា ព្រមទាំង អញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត បុព្វការីជន ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ ព្រមទាំង ឧទ្ទិសនូវមហាកុសលផលបុណ្យ ទៅដល់វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ពិសេសវីរយុទ្ធជនជួរមុខ ដែលបានបាត់បង់ជីវិត ដើម្បី បុព្វហេតុជាតិ មាតុភូមិ នៃយើង ។
ក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តទាំង ២ខាងលើនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងសហការី បាននាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដោយក្នុង ១វត្ត មាន ៖ អង្ករ ១០០គីឡូក្រាម មី ១កេសធំ ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ទឹកត្រី ៥កេស ទឹកស៊ីអ៊ីវ ៥កេស ស្ករស ៥គីឡូក្រាម តែ ៥គីឡូក្រាម និងបច្ច័យ ចំនួន ៤លាន ៧១ម៉ឺនរៀល ។ ដោយឡែក ព្រះសង្ឃ ៧អង្គ ក្នុង ១អង្គៗ ទេយ្យវត្ថុ ចំនួន ១សម្រាប់ បច្ច័យ ១០ម៉ឺនរៀល និងចង្ហាន់ ១ស្រាក់ ផងដែរ ៕






































