(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូDBSTប្រវែង៩.៦គីឡូម៉ែត្រ ពីភូមិរមាំងងាប់ ទៅភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ និងក្រុមការងារស្រុក/ឃុំ/ភូមិ និងប្រជាពលរដ្ឋប្រមាណជាង ៣០នាក់។
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានលើកឡើងថាជាការពិតណាស់ ភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ គឺបានមកមានការគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ និងពីថ្នាក់ដឹកនាំខេត្ត ដែលបានដឹកនាំ ធ្វើឱ្យមានការអភិវឌ្ឍលើវិស័យ អភិវឌ្ឍន៍ជនបទ ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ។ សមិទ្ធផលពេលនេះគឺពិតជាបាន ចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍជាតិ សម្រាប់ប្រជាពលរដ្ឋនៅ ក្នុងស្រុកកំពង់ស្វាយ ដែលបង្កើនលទ្ធភាព ក្នុងការចំណាយថវិកាតិចរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើទៅធ្វើបុណ្យទាន និងប្រកបមុខរបរកសិកម្ម ដឹកជញ្ជូនផលកសិកម្ម ការសិក្សារបស់សិស្សានុសិស្ស និងការធ្វើដំណើររបស់ប្រជាពលរដ្ឋជាច្រើនឃុំទៀត។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម នួន ផារ័ត្ន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរទៅលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងនៅតាមជនបទ ពិសេសគឺផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ច ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទាំងយប់ទាំងថ្ងៃប្រកបដោយសុវត្ថិភាព។ ជាក់ស្ដែងការចុះពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូនៅឃុំត្រពាំងឬស្សីនេះ គឺងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយចំណេញពេលវេលា ក្នុងការដឹកជញ្ជូនកសិផល និងមានបងប្អូនប្រជាពលរដ្ឋមករស់នៅកាន់តែច្រើនទៀតផង។ 
ជាចុងក្រោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សំណេះសំណាល និងពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងអំពាវនាវមកដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋាន ត្រូវចូលរួមថែរក្សាផ្លូវក្រាលកៅស៊ូនេះឱ្យបានគង់វង្ស យូរអង្វែង និងជួយដាំដើមឈើអមសង្ខាងផ្លូវបន្ថែមទៀត ដើម្បីឱ្យមានសោភ័ណភាពកាន់តែល្អប្រសើរ។ ពិសេសសូមឱ្យឪពុកម្ដាយបញ្ជូនកូនឱ្យមកសាលារៀនឱ្យបានគ្រប់ៗគ្នា ពីព្រោះនៅក្នុងភូមិមានផ្លូវក្រាលកៅស៊ូល្អសម្រាប់ធ្វើដំណើរមកសាលារៀន ហើយសាលារៀនគឺជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សទាំងចំណេះដឹង ជំនាញ និងបច្ចេកទេសល្អៗ ពីលោកគ្រូអ្នកគ្រូ ដើម្បីឱ្យកូនក្លាយទៅជាសិស្សល្អ កូនល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម៕






































