ឧត្ដមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារសពអតីតយុទ្ធជន

0

(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវថវិកាបេឡាមរណសង្គ្រោះ និងអំណោយមនុស្សធម៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនគ្រួសារសពអតីតយុទ្ធជនពិការ នៅភូមិជន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា៖ លោក វែង ឡេង មានអាយុ ៧១ឆ្នាំ មានឋានន្តរសក្តិអនុសេនីយ៍ទោ លោកបានចូលប្រើកងទ័ពនៅឆ្នាំ១៩៨០ អតីតនៅអង្គភាពផ្នែកសឹករងស្ទោង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោកបានទទួលមរណៈភាពដោយរោគាពាធ ។ លោក វែង ឡេង ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានរួមចំណែកក្នុងការការពារទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វឹលត្រឡប់មកវិញ ធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកស្ទោង និងអាជ្ញាធរដែនដី បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ និងបានគោរពបួងសួងដល់វិញ្ញាណក្ខន្ធលោក វែង ឡេង សូមទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងបានជូនពរដល់ក្រុមគ្រួសារសព សូមមានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារសព រួមមាន អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន៤យួរ និងត្រីខកំប៉ុងចំនួន២ យួរផងដែរ ។អត្ថបទដោយតំបន់ប្រតិបត្តិការសឹករងកំពង់ធំ.ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។