ខេត្តព្រះវិហារ៖ ជនភៀសសឹកដែលរត់គេចចេញពីសង្គ្រាមឈ្លានពាន ពីសំណាក់ទាហានថៃ និងកំពុងស្នាក់នៅតាមមណ្ឌលសុត្ថិភាពនានា និងការស្នាក់នៅតាមផ្ទះសាច់ញាតិ ក្នុងខេត្ត ប្រមាណ ២ពាន់ ៦១៩គ្រួសារ ស្មើនឹង ៨ពាន់ ៥៧៨នាក់ ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តព្រះវិហារ ដែលដឹកនាំដោយ លោក គីម រិទ្ធី បានរៀបចំធ្វើពិធីកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ ស្របតាមលំអានប្រពៃណី ប្បវណីជាតិ ដោយបានផ្តើមឡើងតាំងពីថ្ងៃ ១រោច ខែភទ្របទ នោះមក។
បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ត្រូវគេដឹងថា គឺជាបុណ្យមួយដែលធំជាងគេ ក្នុងចំណោមបុណ្យជាតិនានារបស់ខ្មែរ ដែលមានរយៈពេល ១៥ថ្ងៃ ដោយបានចាប់ផ្តើមពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ ដែលបុណ្យនេះនឹងត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំ មិនដែលខកខាននោះឡើយ។
ពាក់ព័ន្ធនឹងការរៀបចំធ្វើពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជូនពលរដ្ឋភៀសសឹក ដែលមិនទាន់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញនេះ នាយករដ្ឋបាលខេត្តព្រះវិហារ លោក យុង គឹមហឿង បានថ្លែងឲ្យដឹងនៅថ្ងៃ១៦កញ្ញានេះថា អាជ្ញាធរខេត្តព្រះវិហារ ដែលដឹកនាំដោយ លោក គីម រិទ្ធី បានយកចិត្តទុកដាក់ និងគិតគូខ្ពស់ ចំពោះជនភៀសសឹក ដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព និងតាមផ្ទះសាច់ញាតិ ដោយបានរៀបចំធ្វើពិធីកាន់បិណ្ឌជូនពួកគាត់ នៅគ្រប់មណ្ឌលសុវត្ថិភាពក្នុងខេត្ត ដើម្បីបើកឱកាសជូនពួកគាត់បានធ្វើបុណ្យរាប់បាត្រ ឧទ្ធិសកុសលជូនបុព្វការីជន ញាតិផៅទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
លោក យុង គឹមហឿង បានបន្តថា ការរៀបចំពិធីកាន់បិណ្ឌនេះ អាជ្ញាធរខេត្ត ក្រុង ស្រុក បានធ្វើឡើងនៅក្នុងមណ្ឌលសុវត្ថិភាព ជាទីកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ពលរដ្ឋភៀសសឹកដោយផ្ទាល់ ដោយបានចាប់ផ្តើមតាំងពីថ្ងៃ ១រោច ភទ្របទ វេនកាន់បិណ្ឌទី១ នោះមក ។ លោកថា នៅក្នុងអំឡុង នៃពិធីកាន់បិណ្ឌនោះ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី និងលោកជំទាវ សុខា គងពិសី ជាភរិយា បានអញ្ជើញដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នាំយកទេយ្យទានប្រគេនព្រះសង្ឃ នៅវត្តប្រសាទគោបេង ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ក្នុងថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ វេនទី១ ផងដែរ ។
លោក យុង គឹមហឿង បានបន្តឲ្យដឹងទៀតថា នៅថ្ងៃដដែលនោះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី ព្រមទាំងក្រុមគ្រួសារ ក៏បាននាំយកខោ ស សំពត់ ស និងអាវ ស ទៅចែកជូនតាជី យាយជី និងបានថ្វាយបង្គំ សមាទានសីល និងធ្វើសមាធិ ដើម្បីរំលឹកគុណព្រះពុទ្ធសាសនា និងបួងសួងសុំសេចក្តីសុខដល់ប្រទេសជាតិ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
លោកនាយករដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ថា នៅតាមមណ្ឌលសុវត្ថិភាពនីមួយៗក្នុងខេត្ត គឺ លោកអភិបាលខេត្ត បានចាត់តាំងអភិបាលរងខេត្តម្នាក់ ឲ្យប្រចាំការ និងទទួលបន្ទុកនៅតាមមណ្ឌលសុវត្ថិភាពទាំងនោះ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
លោក យុង គឹមហឿង នាយករដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលវិលត្រឡប់ទៅផ្ទះក្នុងថ្ងៃនេះ មានចំនួន ៩២គ្រួសារ ស្មើនឹង ៣២៧នាក់ ក្នុងនោះ ស្រី ១៨៣នាក់។ ដូច្នេះ ប្រជាពលរដ្ឋដែលបានវិលត្រឡប់ទៅកាន់លំនៅឋានវិញ មានចំនួនសរុប ៩ពាន់ ៧៨៩គ្រួសារ ស្មើនឹង ៣ម៉ឺន ៣ពាន់ ៦៧២នាក់ ក្នុងនោះ ស្រី ១ម៉ឺន ៧ពាន់ ៦០២នាក់ ស្មើនឹង ៧៩ភាគរយ ធៀបនឹងតួលេខគ្រួសារគោលមានចំនួន ១ម៉ឺន ២ពាន់ ៤០៨គ្រួសារ។
ដោយឡែក ប្រជាពលរដ្ឋដែលបន្តរស់នៅតាមមណ្ឌលសុវត្ថិភាព និងតាមផ្ទះសាច់ញាតិ មានចំនួនសរុប ២ពាន់ ៦១៩គ្រួសារ ស្មើនឹង ៨ពាន់ ៥៧៨ នាក់ ក្នុងនោះ ស្រី ៤ពាន់ ៥៩១នាក់៕ដោយ៖ឡុង សំបូរ






































