បិណ្ឌទី៩ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញកាន់បិណ្ឌ នៅវត្តគីរីជលសារកោះរ៉ុង ក្រុងកោះរ៉ុង

0

ក្រុងកោះរ៉ុង៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ រួមជាមួយប្រធាន អនុប្រធានមន្ទីរអង្គភាព អភិបាលក្រុង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសវេនកាន់ បិណ្ឌទី ៩នៃពិធីបុណ្យភ្ជុំបិណ្ឌ បានអញ្ជើញកាន់បិណ្ឌនៅវត្តគីរីជលសារកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុង កោះរ៉ុងដើម្បីឧទ្ទិសកុសលដល់បុព្វការី ជន និងវីវជនស្នេហាជាតិ ជីដូន ជីតា ដែលបានទទួលមរណ កាលទៅហើយ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងផងដែរថា ពិធីបុណ្យកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋកម្ពុជាប្រារព្ធតំាងពីបុរាណកាលមកដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនញាតិកាទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោក រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន បុព្វបុរស និងបងប្អូនជនរួមជាតិទាំងឡាយដែល បានលាចាកលោកនេះទៅកាន់លោកខាងមុខ និងវីរៈជនស្នេហាជាតិ សូមអញ្ជើញមកទទួលយកផល្លា និសង្ឃបានគ្រប់ៗគ្នា។

ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយដែលប្រជាពលរដ្ឋកម្ពុជា មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ បាននាំគ្នាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីបុរាណកាលមក។ ពិធីបុណ្យ នេះមានសារៈសំខាន់ ណាស់ និងមានអត្ថន័យដ៏ធំធេងសម្រាប់ប្រជារាស្ត្រខ្មែរ ដែលបានធ្វើដំណើរ ពីទីជិតទីឆ្ងាយទៅកាន់ស្រុក កំណើត និងតាមបណ្តាវត្តអារាមនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបានជួបជុំបងប្អូនសាច់ញ្ញាតិ ដើម្បីធ្វើ បុណ្យទានសម្តែងនូវកតញ្ញូតាធម៌ជូនចំពោះអ្នកមានគុណឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានទទួលមរណកាលទៅហើយ និងបានបណ្តុះស្មារតីសាមគ្គីភាពជាតិ ស្រឡាញ់ថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី និងលើកកម្ពស់អរិយធម៌ជាតិខ្មែរឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ ។

ក្នុងឱកាសនោះ ដែរ៖ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវក៏បាននាំយកសម្ភារៈទ័យទាន និងបច្ច័យប្រគេន ព្រះសង្ឃវត្តវត្តគីរីជលសារកោះរ៉ុង រួមមាន អង្ករ -មី ទឹកត្រី ទឹកស៊ីអ៊ីវ -ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ -ចង្ហាន់បិណ្ឌ បាត និងបច្ច័យដើម្បីកសាងសមិទ្ធិផលក្នុងវត្ត និងបច្ច័យជូនដល់អាចារ្យគណៈកម្មការ យាយជីតាជីក្នុង វត្ត ៕

នាគសមុទ្រ