ខេត្តព្រះវិហារ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានដឹកនាំក្រុមការងារនាំយកទេយ្យទាន ទេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ មកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា នៅវត្តទួលអណ្ដែត និង២៦វត្តផ្សេងទៀតក្នុងខេត្ត ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនរវាងទាហានថៃ ក្នុងភូមិសាស្រ្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាពេលកន្លងមក ក្នុងពិធីបុណ្យកាន់បិណ្ឌវេណទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។
ពិធីនេះបានប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមការចូលរួមពីសំណាក់ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករនៅក្នុងមូលដ្ឋាន ផងដែរ។
នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ បានវេរភត្តាហារ បង្អែម នំចំណី និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ ដើម្បីជាបច្ច័យដល់ការសិក្សាធម៌វិន័យ និងចំណាយផ្សេងៗ ក្នុងវត្តអារាម ព្រមទាំងឧទ្ទិសកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជន មាន មាតា បិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ ក៏បានឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ជាពិសេសក្នុងអំឡុងពេលផ្ទុះអាវុធកាលពីពេលកន្លងទៅ ដែលបានបង្កការលំបាកដល់ប្រជាពលរដ្ឋ និងព្រះសង្ឃ ផងដែរ។
ស្របគ្នានឹងវេលានោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករឭកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត រួមទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅសមរភូមិក្រោយ ប្រគេនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលនេះជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការរួបរួមគ្នាក្នុងគ្រួសារខ្មែរតែមួយ ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ប្រជាជនគ្រប់ទីកន្លែង។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែង ចាត់ទុកការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារទាំងអស់ទាំងពេលកន្លងមក និងនៅពេលបច្ចុប្បន្ន គឺពិតជាបានរួមចំណែក ធ្វើឱ្យពិធីបុណ្យកាន់បិណ្ឌនេះ បានប្រព្រឹត្តទៅប្រកបដោយភាពរីករាយ និងអត្ថន័យជ្រាលជ្រៅ ជាពិសេសបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ស្មារតីសាមគ្គីភាពក្នុងសង្គមជាតិខ្មែរ៕ដោយ៖ឡុង សំបូរ






































