អនុសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន នាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋរងគ្រោះដោយអគ្គិភ័យ នៅក្រុងប៉ៃលិន

0

ប៉ៃលិន៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស្លេះ យូរ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន បានដឹកនាំគណៈកម្មាធិការអនុសាខាក្រុង និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះអគ្គិភ័យឆេះផ្ទះមួយកន្លែង ស្ថិតក្នុងភូមិដីក្រហម  សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

នៅក្នុងឱកាសនោះ ឯកឧត្តម ស្លេះ យូរ ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន  ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទូទាំងខេត្តប៉ៃលិន  ឯកឧត្តម ក៍បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិមួយចំនួន របស់ក្រុមគ្រួសាររងគ្រោះ ។ ឯកឧត្តម ស្លេះ យូរ ប្រធានគណៈកម្មាធិការអនុសាខា បានមានប្រសាសន៍បន្តថា៖ នេះជាសកម្មភាពមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន​ ធ្វើឡើងតបតាមសេចក្តីរាយការណ៍ របស់អាជ្ញាធរឃុំ ភូមិ អំពីស្ថានភាពរស់នៅប្រចំាថ្ងៃ របស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលនឹងកំពុងជួបការលំបាកខ្លំាង ក្នុងជីវភាពរស់នៅប្រចំាថ្ងៃ។ ហើយអាជ្ញាធរឃុំ ភូមិ បានធ្វើការពិនិត្យ និងវាយតម្លៃ ឃើញថាគ្រួសាររងគ្រោះ ពិតជាមានភាពខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃពិតប្រាកដមែន ។ ឯកឧត្តមប្រធានគណៈកម្មាធិការអនុសាខា ក៍បានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជា មានតួនាទីជាជំនួយការ ឲ្យអាជ្ញាធរសាធារណៈ ក្នុងការជួយសង្គ្រោះ និងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងអគ្គិភ័យជាដើមផងដែរ។

សូមបញ្ជាក់ថា៖ អំណោយដែលបានចែកជូន ដល់ក្រុមគ្រួសាររងគ្រោះរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ២កេះ ,ទឹកស៊ីអ៉ីវ ១យួរ ,ទឹកត្រី ១យួរ ,ទឹកបរិសុទ្ធវីតាល់ ២កេះ ,ស្ករស ១កញ្ចប់, អំបិល ១កញ្ចប់ ,ប៊ីចេង ១កញ្ចប់ ,កាបូប ១ ,សៀវភៅ ៥ ក្បាល និងសម្លៀកបំពាក់ក្មេងស្រី ១ឈុត ។ ការចុះចែកអំណោយមនុស្សធម៌នេះ បានបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ សាសនា ឬពណ៌សម្បុរនោះឡើយ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន