នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបសហការី ចូលរួមរំលែកមរណទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារសព (ស្លាប់ដោយលង់ទឹក កាលពីយប់ថ្ងៃទី ១៦

0

សៀមរាប៖  លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ីន ចាន់ថុល ប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកពួក និងព្រះអនុគណស្រុកពួក ព្រមទាំងសហការី ចូលរួមរំលែកមរណទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារសព (ស្លាប់ដោយលង់ទឹក កាលពីយប់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៩និង០០នាទី នៅទ្វារទឹកស្ទឹងព្រះស្រុក) ចំនួន ១គ្រួសារ រស់នៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាបថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥។ ករណីនេះ បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៣នាក់ មានឈ្មោះ ដូចខាងក្រោម៖សពទី១- ឈ្មោះ ឌិត ឌា ភេទប្រុស អាយុ ៤២ឆ្នាំ (ប្ដី) ជាកសិករ មានសមាជិកគ្រួសារ ៥នាក់ (ស្រី ៣នាក់) រស់នៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។សពទី២- ឈ្មោះ តែម សាឡិត ភេទស្រី អាយុ៣៧ឆ្នាំ (ប្រពន្ធ)។សពទី៣- ឈ្មោះ ឌិត សេរី ភេទស្រី អាយុ១៣ឆ្នាំ (កូនស្រី) រៀនថ្នាក់ទី៧។

ស្ថិតក្នុងឱកាសរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ លោកនាយកសាខាបានពាំនាំនូវប្រសាសន៍រំលែកទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខរបស់បង-ប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកអ្នកណាម្នាក់ចោល»។ លោកបានសម្ដែងនូវសមានទុក្ខសោកសង្រេងក្រៃលែងចំពោះឧបទ្ទវហេតុនេះ ដែលបណ្ដាលឱ្យសាច់ញាតិរបស់ក្រុមគ្រួសារជាទីស្រឡាញ់បានបាត់បង់អាយុជីវិត និងបានផ្ដាំផ្ញើសូមសាច់ញាតិមើលថែចៅៗទាំងពីរឱ្យបានបន្តការសិក្សារៀនសូត្រដើម្បីមានអនាគតល្អប្រសើរផងដែរ។ បន្ថែមលើសនេះ ព្រះអនុគណស្រុកពួក ក៏មានសង្ឃដីកាសម្តែងនូវសេចក្ដីសោកសង្វេគចំពោះការបាត់បង់សមាជិកគ្រួសាររហូតដល់ទៅ៣នាក់ និងសូមឧទ្ទិសកុសលផលបុណ្យទាំងឡាយជូនចំពោះវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគជូនគ្រួសារសពរួមមាន៖ អង្ករ ៩០គ.ក្រ, មី ៣កេស, ត្រីខ ៣យួរ, ទឹកត្រី ៣យួរ, អំបិល ៣គ.ក្រ, ឃីត ៣កញ្ចប់ (ក្នុង១កញ្ចប់មាន មុង១, ភួយ១, សារុង១, ក្រមា១) និងថវិកាសរុបចំនួន ១លាន៣១ម៉ឺនរៀល (ក្នុងនោះ ថវិកាសាខាចំនួន ៥០ម៉ឺនរៀល និងថវិកាអនុសាខា កក្រក ស្រុកពួក ព្រមទាំងសប្បុរជនចំនួន ៨១ម៉ឺនរៀល)៕